(ប៉េកាំង)៖ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកបានចុះហត្ថលេខាលើ "សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាច ការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៥" ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធាចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ និងបង្ហាញពីចំណង់អាហារដ៏ធំរបស់វ៉ាស៊ីនតោន ក្នុងការចំណាយផ្នែកយោធា។ដើម្បីបង្កើត "ភាពសមហេតុសមផល" សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះ បានលើកឡើងពីប្រទេសចិនរាប់សិបដង និងឃោសនាបំប៉ោងនូវ "ការគំរាមកំហែងពីប្រទេសចិន" នៅកន្លែងជាច្រើន ជាពិសេសបាននិយាយផ្ដេសផ្ដាសលើបញ្ហាតៃវ៉ាន់ ញុះញង់ឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ និងបានបញ្ចេញនូវសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ទៅកាន់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។
ក្នុងច្បាប់ក្នុងស្រុករបស់អាមេរិកមួយនេះ ភាគីអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា រវាងត្រើយទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ ហើយពន្លឿនល្បឿនច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅ ក្នុងស្ថានភាពគ្រោះថ្នាក់នៃសង្រ្គាម។
ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិក បានឈានចូលក្នុងដំណាក់កាលអន្តរកាល នៃការផ្ទេរសិទ្ធិអំណាច។ អ្នកផងទាំងពួង បានចាប់អារម្មណ៍ថា ក្នុងរយៈពេលជិតមួយខែមក អាមេរិកបានចាត់វិធានការជាបន្តបន្ទាប់លើបញ្ហាតៃវ៉ាន់៖ ចាប់ពីបានអនុម័ត ការលក់អាវុធដែលមានទំហំសរុប៣៨៥លានដុល្លារអាមេរិក ទៅឱ្យតៃវ៉ាន់ ដល់ប្រកាសផ្តល់ជំនួយយោធា ដែលមានតម្លៃប្រមាណ៥៧១.៣លានដុល្លារអាមេរិកដល់តៃវ៉ាន់ រហូតដល់អនុម័តការលក់អាវុធ ដែលមានទំហំ ២៩៥លានដុល្លារអាមេរិក ទៅឱ្យតៃវ៉ា់ន់ ហេតុអ្វីបានជាអាមេរិកពន្លឿន “ការបំពាក់អាវុធ”ឱ្យតៃវ៉ាន់?
អ្នកជំនាញបានលើកឡើងថា ការលក់អាវុធទៅឱ្យតៃវ៉ា់ន់នៅពេលថ្មីៗនេះ របស់រដ្ឋាភិបាលអាមេរិកមានការគិតពិចារណាពីរ។ មួយផ្នែក គឺធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីគាំពារផលប្រយោជន៍របស់ ក្រុមផលប្រយោជន៍ និងគណបក្សពាក់ព័ន្ធ និងឆ្លើយតបទៅនឹងសម្ពាធលក់អាវុធបន្ទាន់ របស់ក្រុមឧស្សាហកម្មយោធាអាមេរិក។ មួយវិញទៀត គឺចង់បង្កើតភាពរញ៉េរញ៉ៃមួយចំនួន ដើម្បីបង្កើនភាពស្មុគ្រស្មាញដល់រដ្ឋាភិបាលអាមេរិក អាណត្តិក្រោយក្នុងការដោះស្រាយ ទំនាក់ទំនងចិន-អាមេរិក។
មិនថាមូលហតុអ្វីក៏ដោយ ក៏ទង្វើមួយចំនួនរបស់អាមេរិកនាពេលកន្លងទៅនេះ សុទ្ធតែបានរំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយនិងស្មារតី នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣។ លើសពីនេះទៀត ទង្វើរបស់អាមេរិក ក៏បានបំពានលើពាក្យសន្យានយោបាយរបស់ខ្លួន ចំពោះប្រទេសចិនផងដែរ។ នៅខែវិច្ឆិកា នៅពេលជួបពិភាក្សាការងារ ជាមួយលោក Biden ប្រធានាធិបតីអាមេរិកនៅទីក្រុង Lima នៃប្រទេសប៉េរូ លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុប បទពិសោធន៍និងការបំផុសគំនិត៧ចំណុច និងខ្សែបន្ទាត់ក្រហមចំនួន៤ ក្នុងការប្រស្រ័យទាក់ទងរវាងចិន និងអាមេរិកក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងនោះ បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមចម្បង នៃខ្សែបន្ទាត់ក្រហមចំនួន៤ ដែលលើកឡើងដោយភាគីចិន។ លោក Biden បានរំលឹកឡើងវិញ នូវពាក្យសន្យានយោបាយ ដូចជាអាមេរិកមិនស្វែងរក "សង្រ្គាមត្រជាក់ថ្មី" ជាមួយប្រទេសចិន និងមិនគាំទ្រ "ឱ្យតៃវ៉ាន់ឯករាជ្យ" ជាដើម។ ពាក្យសម្ដីនៅតែគុម្ពត្រចៀក តែទង្វើវិញផ្ទុយស្រឡះ អាមេរិកបានបង្កប់នូវគ្រោះចង្រៃកាន់តែច្រើន ដល់ស្ថានភាពច្រកសមុទ្រតៃវ៉ាន់។
តាមពិត ទាក់ទិននឹងបញ្ហាតៃវ៉ាន់ ភាគីចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា វាជាស្នូលនៃផលប្រយោជន៍ស្នូល របស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមចម្បង ដែលមិនអាចផ្លោះរំលងបាន ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ ការអនុវត្តជាក់ស្តែងក្នុងរយៈពេលជាច្រើនឆ្នាំ បានបញ្ជាក់ថា បើគាំពារគោលការណ៍ចិនតែមួយ នោះទំនាក់ទំនងរវាងចិន និងអាមេរិក អាចទទួលការអភិវឌ្ឍដោយរលូន ហើយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ក៏អាចទទួលបាន នូវការធានា ប្រកបដោយប្រសិទ្ធភាពដែរ។ ផ្ទុយទៅវិញ បើបំផ្លាញគោលការណ៍ចិនតែមួយ នោះទំនាក់ទំនងរវាងចិននិងអាមេរិក នឹងប្រែប្រួលហើយត្រឡប់ថយក្រោយ ស្ថានភាពនៃច្រកសមុទ្រតៃវ៉ាន់ នឹងប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹង។
នៅសល់ជាង២០ថ្ងៃទៀត រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីនឹងឡើងកាន់មុខតំណែង។ ប្រសិនបើអាមេរិកប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងស្មោះស្ម័គ្រ នោះគួរដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង។ អ្វីដែលហៅថា សព្វាវុធដែលផលិតដោយអាមេរិក មិនអាចកែប្រែកម្លាំងយោធារបស់ត្រើយទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយក៏មិនអាចរារាំងនូវនិន្នាការប្រវត្តិសាស្ត្រទូទៅ ដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន