(បេរូត)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លីបង់ បានបង្ហាញនូវការទន្ទឹងរង់ចាំ ក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំនៃរបបលោក Bashar al-Assad ដោយជាការបើកផ្លូវទៅកាន់យុគសម័យថ្មីមួយនៃទំនាក់ទំនង ដែលធ្លាប់ជួបប្រទះនូវភាពចលាចលញឹកញាប់ រវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។

ទំនាក់ទំនងរវាងទីក្រុងដាម៉ាស និងទីក្រុងបេរូត តែងតែមានភាពតានតឹង ចាប់តាំងពីប្រទេសទាំងពីរក្លាយជារដ្ឋឯករាជ្យរៀងៗខ្លួន ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០។ ក្រុម​ហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ ដើរ​តួនាទី​សំខាន់ណាស់ក្នុង​ការ​ជួយដល់របបលោក Assad អំឡុង​ពេល​នៃសង្គ្រាម​ស៉ីវិល​ស៉ីរី ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​បះបោរ​ ដែលថ្មីៗនេះ​បាន​ផ្តួលរំលំ​របបរបស់លោក ហើយ​​តែងតាំង​រដ្ឋបាល​​ថ្មី។

ក្រសួងការបរទេសលីបង់ បានឱ្យដឹងថា លោករដ្ឋមន្រ្តីការបរទេស Abdallah Bou Habib បានបញ្ជូនសារដំបូងបង្អស់នេះ របស់ទីក្រុងបេរូត ទៅកាន់រដ្ឋបាលថ្មីនៅទីក្រុងដាម៉ាស ទៅកាន់សមភាគីស៉ីរី លោក Asaad Hassan al-Shibani នៅក្នុងកិច្ចសន្ទនាមួយ តាមទូរស័ព្ទ៕