(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំទីក្រុងមូស្គូ ដែលបានឱ្យដឹងថា លោកប្រធានាធិបតី Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៥ ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។
រុស្ស៉ីបានបណ្តុះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៉ីរ៉ង់ និងប្រទេសដទៃទៀតដែលមានទំនាក់ទំនងមិនសូវល្អជាមួយអាមេរិក ដូចជាកូរ៉េខាងជើង ចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov ធ្លាប់និយាយថា ទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ មានចេតនាចុះកិច្ចព្រមព្រៀង ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិកាន់តែជិតស្និទ្ធ។
កាលពីខែកញ្ញា សហរដ្ឋអាមេរិក ចោទប្រកាន់ទីក្រុងតេហេរ៉ង់ ថាបានបញ្ជូនមីស៉ីលបាលីស្ទីគរយៈចម្ងាយខ្លីទៅឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់ប្រឆាំងអ៊ុយក្រែន ហើយថែមទាំងដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងដឹកជញ្ជូន ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធ៕