(ប៉េកាំង)៖ កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្ត ទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ ដែលមានសេដ្ឋកិច្ចលូតលាស់ជួយដល់តំបន់ ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍។ តើគោលនយោបាយសមាហរណកម្ម តំបន់ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផល យ៉ាងណាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ?
និយាយពីសមិទ្ធផលនៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ យើងអាចទៅស្វែងយល់ពីបម្រែបម្រួលនៃតំបន់មួយចំនួន ដែលបានផ្លាស់ប្តូរពីរូបមន្តអភិវឌ្ឍន៍ឧស្សាហកម្មប្រពៃណី មកជាឧស្សាហកម្មថ្មីឬឧស្សាហកម្មបៃតង ។ ក្នុងចំណោមនោះ ក្រុងហ័យប៉ី ដែលស្ថិតនៅភាគខាងជើង នៃខេត្តអានហួយ ប្រទេសចិនបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ដោយសារមានការគាំទ្រ ពីគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ។
* ប្រែក្លាយពីអណ្តូងរ៉ែធ្យូងថ្មទៅជាតំបន់ដីសើម
ក្រុងហ័យប៉ី ជាទីកន្លែងដែលប្រជុំដោយអណ្តូងរ៉ែធ្យូងថ្ម ដែលកាលពីអតីតកាល ធ្យូងថ្មជាឧស្សាហកម្មនាំមកនូវចំណូល សំខាន់បំផុតសម្រាប់ទីក្រុងនេះ។ ប៉ុន្តែការអភិវឌ្ឍ ឧស្សាហកម្មធុនធ្ងន់បែបនេះ វាត្រូវជាថ្នូរជាមួយនឹងការបំផ្លាញដល់ បរិស្ថានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។ បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយ ធ្វើសមាហរណកម្ម តំបន់ដីសណ្តទន្លេយ៉ង់សេ ទីក្រុងនេះក៏បានធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ដោយផ្តោតលើការកែលម្អ បរិស្ថាននិងការអភិវឌ្ឍបៃតង ។ ក្នុងនោះ មានដូចជាការកាត់បន្ថយ ការជីកយករ៉ែធ្យូងថ្ម ការកាត់បន្ថយបរិមាណផលិត ថាមពលអគ្គិសនីដោយធ្យូងថ្ម ហើយប្តូរទៅជាការផ្អែកលើថាមពលខ្យល់ ដែលជាថាមពលស្អាតជាបណ្តើរៗ។ ពិសេស តំបន់ដីសើមឧទ្យាន ណានហ៊ូ ដែលពីមុនជាអណ្តូងរ៉ែបាក់ស្រុត ឥឡូវបានក្លាយជារមណីយដ្ឋានដ៏ស្រស់ស្អាត ដែលរំលេចពីសមិទ្ធផល នៃការស្តារប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន ។
* ដំណាំសេដ្ឋកិច្ចនិងទេសចរណ៍ជនបទជំរុញការស្តារនិងអភិវឌ្ឍជនបទ
ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ត្រូវមានឧស្សាហកម្មបែបថ្មីជាពិសេសឧស្សាហកម្មបៃតង មកជំនួសឱ្យឧស្សាហកម្ម ប្រពៃណីដែលមិនអំណោយផលដល់ប្រព័ន្ធអេកូឡូស៊ី។ នៅភូមិលៀវយាន នៃក្រុងហ័យប៉ី អ្នកភូមិបានដាំផ្លែទទឹម ដែលជាដំណាំសេដ្ឋកិច្ច ដែលមិនត្រឹមតែអាចបេះយក ផ្លែទៅលក់ប៉ុណ្ណោះទេ ក៏អាចឱ្យទេសចរទៅដើរកម្សាន្តក្នុងចម្ការទទឹម និងបេះផ្លែទទឹម ដោយខ្លួនឯងផងដែរ ហើយអ្នកភូមិក៏អាចលក់ទទឹមឱ្យសហគ្រាសយកទៅ ផលិតជាផលិតផលផ្សេងៗ ដូចជាស្រានិងទឹកផ្លែទទឹមជាដើម ដែលជាប្រភពចំណូលដ៏សំខាន់មួយ។ ក្រៅពីនេះ រដ្ឋបាលភូមិបានសហការជាមួយ ក្រុមហ៊ុនជំនាញ ដើម្បីបង្កើតគម្រោងទេសចរណ៍ជនបទថ្មីប្លែក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ បច្ចុប្បន្ន អ្នកភូមិទាំងអស់ សុទ្ធតែទទួលបាន ផលលាភពីគោលនយោបាយស្តារនិងអភិវឌ្ឍជនបទ ដោយពួកគាត់ទទួលបានចំណូលគ្រប់គ្រាន់ ហើយកំពុងឆ្ពោះទៅរក ជីវភាពធូរធារបង្គួរទាំងអស់គ្នា។
* ទេសចរណ៍វប្បធម៌រួមចំណែកដល់ការធ្វើសមាហរណកម្ម
ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍របស់ក្រុងហ័យប៉ី បានផ្លាស់ប្តូរជាបណ្តើរៗពី ការពឹងផ្អែកលើឧស្សាហកម្មប្រពៃណីធំទាំង៣ គឺធ្យូងថ្ម ពលថាម និងស្រា មកជាការអភិវឌ្ឍឧស្សាហកម្មថ្មី និងថាមពលស្អាត។ ដោយមានអំណោយផលពីប្រវត្តិសាស្ត្រជាង ៤ ពាន់ឆ្នាំ ក្រុងហ័យប៉ី ដែលមានវប្បធម៌ និងអរិយធម៌ដ៏ចំណាស់ និងមានវត្ថុបុរាណដ៏មានតម្លៃជាច្រើន បានផ្តោតលើការអភិវឌ្ឍ វិស័យទេសចរណ៍វប្បធម៌និងអេកូ-ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច របស់ទីក្រុងមួយនេះ។ ប្រវត្តិសាស្ត្រដ៏យូរលង់គួបផ្សំជាមួយបេតិកភណ្ឌវប្បធម៌អរូបី និងទេសភាពធម្មជាតិ នៃតំបន់ដីសណ្តទន្លេយ៉ង់សេ បានក្លាយជាមន្តស្នេហ៍ដ៏ទាក់ទាញ សម្រាប់ទេសចរជាតិនិងអន្តរជាតិ។
ក្រៅពីក្រុងហ័យប៉ី តំបន់នានាក្នុងតំបន់ដីសណ្តទន្លេយ៉ង់សេ សុទ្ធតែបានផ្លាស់ប្តូរមុខមាត់ថ្មី បន្ទាប់ពីការធ្វើសមាហរណកម្ម តំបន់ដីសណ្តទន្លេយ៉ង់សេ ពិសេសគឺការប្តូរពីការលក់ ធនធានភ្នំព្រៃទៅជាការ «លក់» ធនធានអេកូឡូស៊ី ពោលគឺរកចំណូល តាមរយៈរូបមន្ត «អេកូឡូស៊ី+ទេសចរណ៍វប្បធម៌» គួបផ្សំជាមួយការបង្កើត គម្រោងសម្រាកលម្អែកាយ , ថែទាំសុខភាព , កីឡា និងសួនធម្មជាតិជាដើម ដែលជាវិធីសាស្ត្រអភិវឌ្ឍតំបន់ជនបទ តាមអនុសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលលើកឡើងថា «ភ្នំបៃតងទឹកថ្លាគឺភ្នំមាសភ្នំប្រាក់»។
នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រកាសពីការគាំទ្រ ចំពោះការលើកកម្ពស់ ការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ឱ្យទៅជាយុទ្ធសាស្ត្រជាតិ ដែលមានន័យថា ការធ្វើសមាហរណកម្ម តំបន់ដីសណ្តទន្លេយ៉ង់សេនឹងច្របាច់បញ្ចូល ជាមួយយុទ្ធសាស្ត្រជាតិដទៃទៀត ដើម្បីបង្កើតបានជាប្រព័ន្ធសេដ្ឋកិច្ចទំនើប និងឈានទៅសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន