(ប៉េកាំង)៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែធ្នូ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន និងប្រកាសលទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥។
តាមការផ្សាយដំណឹងឱ្យដឹងថា ពេលវេលាធ្វើជំរឿនលើកនេះគឺគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ហើយឯកសារយោង សម្រាប់ធ្វើជំរឿនគឺឯកសារក្នុងឆ្នាំ ២០២៣។ បុគ្គលនិងអង្គភាពផ្តល់បទសម្ភាសន៍ ក្នុងការធ្វើជំរឿនលើកនេះ រួមមាននីតិបុគ្គល អង្គភាពសាជីវកម្ម និងអ្នកប្រកបអាជីវកម្មជាលក្ខណៈឯកជន ដែលប្រកបអាជីវកម្មផ្នែកឧស្សាហកម្មផលិតនិងកែច្នៃ និងឧស្សាហកម្មសេវាកម្ម។
លទ្ធផលនៃជំរឿនបានបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចិនមាននីតិបុគ្គលផ្នែកឧស្សាហកម្មផលិតនិងកែច្នៃ និងឧស្សាហកម្មសេវាកម្មចំនួន ៣៣,២៧ លានអង្គភាព កើនឡើង ៥២,៧% បើធៀបនឹងចុងឆ្នាំ ២០១៨ ដែលមានអ្នកប្រកបអាជីវកម្មចំនួន ៤២៨,៩៨៤ លាននាក់ កើនឡើង ១១,៩%។ អ្នកប្រកបអាជីវកម្មជាលក្ខណៈឯកជនមានចំនួន ៨៧,៩៩៥ លានអង្គភាព ដែលមានអ្នកប្រកបអាជីវកម្ម ១៧៩,៥៦៤ លាននាក់។
យោងតាមលទ្ធផលនៃជំរឿនឱ្យដឹងថា ចំនួនអង្គភាពនៅក្នុងឧស្សាហកម្មផលិតនិងកែច្នៃ និងឧស្សាហកម្មសេវាកម្មរបស់ ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ព្រមនិងទទួលបុគ្គលិកកាន់តែច្រើនឱ្យចូលធ្វើការ។ ទ្រង់ទ្រាយនៃទ្រព្យសម្បត្តិសហគ្រាស បានបន្តកើនឡើង ប្រាក់ចំណូលអាជីវកម្មបានកើនឡើងយ៉ាងលឿនបង្គួរ សមត្ថភាពច្នៃប្រឌិតខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានលើកកម្ពស់ថែមទៀត ប្រសិទ្ធភាពនៃផលិតភាពក៏ត្រូវបានលើកកម្ពស់ផងដែរ។
រចនាសម្ព័ន្ធឧស្សាហកម្មត្រូវបានធ្វើឱ្យប្រសើរឡើង សេដ្ឋកិច្ចឌីជីថលមានការរីកចម្រើន ហើយភាពស៊ីសង្វាក់គ្នា និងតុល្យភាព នៃការអភិវឌ្ឍក្នុងតំបន់កាន់តែខ្លាំងឡើងៗ។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់៕
វិទ្យុមិត្តភាពកម្ពុជាចិន