(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា អ៊ុយក្រែនដែលជាប្រទេសមួយដែលនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងច្រើនជាងគេនៅលើពិភពលោក បានបញ្ជូនជំនួយស្បៀងអាហារដំបូងទៅកាន់ប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Zelenskiy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ដូច្នេះថា «ម្សៅស្រូវសាលី ៥០០តោន កំពុងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីចែកចាយជូនប្រជាជន ដែលកំពុងជួបការលំបាក»។ លោកបានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌកម្មវិធីមនុស្សធម៌របស់អ៊ុយក្រែន ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។ អ៊ុយក្រែន បានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីផ្តល់ជំនួយនេះដល់ប្រជាជនស៊ីរី។

ការផ្តល់ជំនួយនេះ ធ្វើឡើង បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar al-Assad នៅស៊ីរី។ អ៊ុយក្រែនចង់បង្កើតទំនាក់ទំនងឡើងវិញជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរី និងជួយដល់ប្រជាជនស៊ីរីដែលកំពុងជួបការលំបាក។ ម្សៅស្រូវសាលី ដែលអ៊ុយក្រែនផ្តល់ជូន នឹងត្រូវចែកចាយដល់ប្រជាជនស៊ីរី ប្រមាណ ១៦៧.០០០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អ៊ុយក្រែន ធ្លាប់ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងច្រើនបំផុតមួយរបស់ពិភពលោក មុនពេលមានសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្តែ ការនាំចេញរបស់អ៊ុយក្រែនត្រូវបានរំខានដោយសារសង្រ្គាម និងការបិទផ្លូវដឹកជញ្ជូនតាមសមុទ្រខ្មៅ។ ទោះជាយ៉ាងណា អ៊ុយក្រែនបានខិតខំប្រឹងប្រែង ដើម្បីស្តារការនាំចេញឡើងវិញ តាមរយៈកំពង់ផែ Odesa ភាគខាងត្បូងរបស់ខ្លួន៕