(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ បាននិយាយថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយមានការការពារតិចតួចពីទាហានរុស្ស៉ីដែលពួកគេកំពុងប្រកៀកស្មាប្រយុទ្ធជាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាជាវីដេអូកាលពីយប់ថ្ងៃសុក្រ លោក ហ្សេលេនស្គី បានឱ្យទៀតថារុស្ស៉ីបានបញ្ជូនទាហានកូរ៉េខាងជើងទៅសមរភូមិប្រយុទ្ធ ជាមួយការផ្ដល់ការការពារតិចតួចបំផុត ហើយ ទាហានកូរ៉េខាងជើងត្រូវចាត់វិធានការជាអតិបរមាដើម្បីកុំឱ្យក្លាយជាឈ្លើយសឹក។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ការបាត់បង់របស់ពួកគេគឺគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ យើង ឃើញថាទាំងយោធារុស្ស៉ី និងមេបញ្ជាការកូរ៉េខាងជើង មិនបានចាប់អារម្មណ៍លើការការពារអាយុជីវិតទាហានកូរ៉េខាងជើងទាំងនេះឡើយ»។ លោកបន្ថែមថា «អ្វីៗត្រូវបានរៀបចំទុករួចជាស្រេច ដូច្នេះវាពិបាកណាស់ដើម្បីឱ្យពួកយើងចាប់ខ្លួនពួកគេ ដោយពួកគេត្រូវបានសម្លាប់ដោយកងកម្លាំងគ្នាឯង។ រុស្ស៉ីបានបញ្ជូនពួកគេទៅប្រយុទ្ធជាមួយការការពារតិចតួច»។
គួរបញ្ជាក់ថា ចារកម្មអ៊ុយក្រែន និងលោកខាងលិចបានអះអាងថាមានទាហានកូរ៉េខាងជើង ១២០០០នាក់ នៅក្នុងតំបន់ Kursk ជាតំបន់មួយរបស់រុស្ស៉ីស្ថិតនៅព្រំដែនជាទីដែលកងទ័ពអ៊ុយក្រែន កំពុងកាន់កាប់ទឹកដីមួយចំនួន ក្រោយការវាយលុកចូលទឹកដីរុស្ស៉ីចាប់តាំងពីខែសីហាមក។ កាលពីដើមសប្ដាហ៍នេះ លោក ហ្សេលេនស្គីក៏បាននិយាយដែរថាមានទាហានកូរ៉េខាងជើងជាង ៣០០០នាក់ ត្រូវបានសម្លាប់ និងរងរបួស៕