(វ៉ាស៊ីនតោន)៖ ចំនួនជនគ្មានផ្ទះសម្បែងនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជាមួយការបំបែកកំណត់ត្រាថ្មីមួយនៅក្នុងឆ្នាំ២០២៤នេះ ខណៈវិបត្តិអតិផរណា និងតម្លៃផ្ទះឡើងថ្លៃស្ថិតនៅក្នុង ចំណោមកត្តាសំខាន់ៗនៅពីក្រោយការកើនឡើងនេះ។ នេះបើតាមក្រសួងអភិវឌ្ឍនគរូបនីយកម្ម និងលំនៅឋានអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានឱ្យដឹងទៀតថាមនុស្សប្រមាណ ៧៧១ ៤៨០នាក់ គ្មានផ្ទះសម្បែង ឬកើនឡើង១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមនុស្ស ប្រហែល ៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង ។ ក្រៅតែពីបញ្ហា អតិផរណា និងតម្លៃផ្ទះឡើងថ្លៃ គ្រោះមហន្តរាយធម្មជាតិ ការរើសអើងជាលក្ខណៈប្រព័ន្ធ និងការកើនឡើងចំនួនជនអន្តោប្រវេសន៍ ក៏ជាមូលហេតុនៅពីក្រោយការកើនឡើងចំនួនអ្នកគ្មានផ្ទសម្បែង នៅសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែល នៅចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ មនុស្សមានអាយុក្រោម១៨ឆ្នាំ គឺជាក្រុមមនុស្សដែលគ្មានផ្ទះសម្បែងក្នុងចំនួនច្រើនជាងគេស្មើនឹងជិត ១៥០ ០០០នាក់ ឬស្មើនឹង៣៣ភាគរយ ខណៈពលរដ្ឋអាមេរិកស្បែកខ្មៅ តំណាងឱ្យ ៣២ភាគរយនៃជនគ្មានផ្ទះសម្បែង៕