(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានបន្តឱ្យដឹងថា ហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air ដែលបានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានផ្តាច់ជីវិតមនុស្សសឹងទាំងអស់ នៅលើនោះគឺយ៉ាងហោច១៧៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មានមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះភ្លាមៗ ក្នុងចំណោមមនុស្សសរុបទាំង១៨១នាក់ ដែលស្ថិតលើយន្តហោះ ក្រោយពេលវាជួបគ្រោះថ្នាក់។ គ្រោះថ្នាក់នោះ បានកើតឡើង ពេលយន្តហោះ ព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan។ អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាក់ថា មកទល់ឥឡូវនេះ មនុស្សយ៉ាងហោច១៧៧នាក់ ត្រូវបានរកឃើញថា បាត់បង់ជីវិត ខណៈ២នាក់ទៀត នៅបន្តត្រូវចាត់ទុក ថាបាត់ខ្លួន នៅឡើយ ប៉ុន្តែមានសង្ឃឹមតិចណាស់ ដែលថា ពួកគេនៅមានជីវិត។

បើតាមវីដេអូចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គេមើលឃើញ អំឡុងពេលចុះចតលក្ខណៈបន្ទាន់មួយ យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹង​ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ មិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុក ជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ វាផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយយន្តហោះ បន្តិចប៉ុណ្ណោះ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់ខាងលើ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយ​ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកខាងក្រៅបាន ហើយបង្ខំឱ្យយន្តហោះនោះ ត្រូវព្យាយាមចុះចត ទាំងគ្មានកង់។ យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយថា ការស៉ើបអង្កេតលម្អិត កំពុងតែប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា យន្តហោះខាងលើ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ​អ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់។ ក្នុងចំណោមអ្នកដំណើរ គឺមានជនជាតិថៃ២នាក់ ក្រៅពីនោះជាជនជាតិកូរ៉េ។ សម្រាប់មនុស្ស២នាក់ ដែលរងរបួសនិងត្រូវបានជួយសង្រ្គោះ គឺជាអ្នកបម្រើការលើយន្តហោះ៕