(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ ហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយ បានកើតមានឡើងនៅព្រលានយន្តហោះមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆក់យកជីវិតមនុស្សជិត១៨០នាក់។ ខាងក្រោម គឺជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍នោះ ដែលជាករណីគ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងឆ្នាំ២០២៤នេះ៖

* ពេលវេលា ទីតាំង និងហេតុការណ៍គ្រោះថ្នាក់

យន្តហោះរងគ្រោះ បានជួបគ្រោះថ្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង កាលពី​វេលាម៉ោងខ្ទង់៩ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ក្នុងគោលដៅធ្វើដំណើរហោះចេញពី ទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់ស្រុក Muan នៃខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង។ បើតាមឃ្លីបវីដេអូបង្ហាញពីហេតុការណ៍ផ្ទាល់ គេមើលឃើញ អំឡុងពេលចុះចត យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹង​ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់បើកចេញមកឡើយ ហើយមិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកពេញទំហឹង ជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ យន្តហោះនោះ ផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយបន្តិចប៉ុណ្ណោះ។

* ប្រភេទយន្តហោះ និងចំនួនជនរងគ្រោះ

យន្តហោះខាងលើជាប្រភេទ Boeing 737-800 ផលិតឆ្នាំ២០០៩ មានជើងហោះហើរ 7C2216 ធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air។ នៅលើនោះ មានផ្ទុកអ្នកដំណើរសរុប១៧៥នាក់ ក្នុងនោះ២នាក់ជាជនជាតិថៃ និង១៧៣នាក់ផ្សេងទៀត ជាជនជាតិកូរ៉េ។ ចំណែក៦នាក់ គឺជាអ្នកបម្រើការងារលើយន្តហោះ និងអាកាសយានិក។ គិតត្រឹមម៉ោង៨យប់ (ម៉ោងក្នុងតំបន់) មនុស្សស្ទើរទាំងអស់ គឺ១៧៧នាក់ បានស្លាប់ ខណៈ២នាក់នៅបន្តចាត់ទុកបាត់ខ្លួននៅឡើយ ហើយនិង២ទៀតនាក់ ដែលជាអ្នកបម្រើការងារលើយន្តហោះ (ប្រុសម្នាក់ ស្រីម្នាក់) ត្រូវបានជួយសង្រ្គោះភ្លាមៗ។ អ្នកទាំងពីរ ត្រូវគេរាយការណ៍ថា អង្គុយនៅផ្នែកចុងកន្ទុយនៃយន្តហោះ។

* មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់

មូលហេតុច្បាស់លាស់ពិតប្រាកដ នៅពីក្រោយគ្រោះថ្នាក់ខាងលើ កំពុងស្ថិតក្រោមការស៉ើបអង្កេតរបស់អាជ្ញាធរកូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធ។ យ៉ាងណាក្តី ក្រុមអ្នកស៉ើបអង្កេត បានដាក់ការសង្ស័យជាបឋមទៅលើ កត្តាប៉ះទង្គិចជាមួយហ្វូងសត្វបក្សី និងលក្ខខណ្ឌអាកាសធាតុ ជាមូលហេតុចម្បងជាងគេ ដែលបានបណ្តាលឱ្យកង់របស់យន្តហោះរងគ្រោះ មានបញ្ហាគាំងមិនអាចបញ្ចេញមកក្រៅ ហើយបង្ខំឱ្យយន្តហោះត្រូវចុះចត ទាំងគ្មានកង់បែបនេះ។

* ប្រវត្តិនៃគ្រោះថ្នាក់យន្តហោះ

សោកនាដកម្មខាងលើ គឺជាករណីអាក្រក់ជាងគេបង្អស់ ដែលពាក់ព័ន្ធជាមួយអាកាសចរណ៍កូរ៉េខាងត្បូង គឺគិតចាប់តាំងពី ករណីធ្លាក់យន្តហោះ Korean Air ឆ្នាំ១៩៩៧ នៅកោះហ្កាំ ដែលបានសម្លាប់មនុស្សជាង២០០នាក់ និងជាករណីមានមនុស្សស្លាប់ច្រើនបំផុត ដែលកើតមានឡើង នៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ គិតចាប់តាំងពីករណីធ្លាក់យន្តហោះ China Air ឆ្នាំ១៩៩៧ ដែលបានផ្តាច់ជីវិតមនុស្ស១២៩នាក់ ក្នុងចំណោម១៦៦នាក់៕