(ប្រាក)៖ ស្លូវ៉ាគី បានច្រានចោលនូវការចោទប្រកាន់ របស់ប្រធានាធីបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលថានាយករដ្ឋមន្រ្តី លោក Robert Fico បង្កើតឱ្យមានបញ្ហាប្រឈមផ្នែកថាមពល ប្រឆាំងនឹងអ៊ុយក្រែនតាមបញ្ជារបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសស្លូវ៉ាគី លោក Juraj Blanar និយាយថា ស្លូវ៉ាគីកំពុងតាមដានយ៉ាងដិតដល់ នូវការធ្វើទំនាក់ទំនងពីអ៊ុយក្រែន ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ លោក Fico ហើយការលើកឡើងរបស់ លោក ហ្សេលេនស្គី ជុំវិញសម្ព័ន្ធភាពជាមួយ លោក ពូទីន ប្រធានាធិបតីរុស្ស៉ី គឺជារឿងប្រឌិត។ លោក Blanar បញ្ជាក់ថា «យើងយល់ច្បាស់ ថាពួកគេ (អ៊ុយក្រែន) ប្រឈមនឹងសង្រ្គាមរយៈពេលវែង ប៉ុន្តែនោះហើយជាមូលហេតុដែលពួកគេមិនគួរបង្កើតសត្រូវថ្មី ហើយប្រឌិតថា មានការបង្កើតបញ្ហាប្រឈមផ្នែកថាមពល ពីរដ្ឋសមាជិកនៃសហភាពអឺរ៉ុប រួមទាំងស្លូវ៉ាគី ដែលគាំទ្រអ៊ុយក្រែន និងប្រជាជនរបស់ខ្លួន»

គួរបញ្ជាក់ថា ឧស្ម័នធម្មជាតិរុស្ស៉ី ត្រូវបញ្ជូនឆ្លងកាត់អ៊ុយក្រែន ទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន រួមទាំងស្លូវ៉ាគី ប៉ុន្តែវានឹងត្រូវបញ្ឈប់ដំណើរការ នៅពេលដែលកិច្ចព្រមព្រៀងឆ្លងកាត់ ដែលមានស្រាប់មុនសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ត្រូវផុតកំណត់នៅចុងឆ្នាំនេះ។

លោក​ Fico ដែលបានជួប លោក ពូទីន​ នៅទីក្រុងមូស្គូ កាលពីដើមសប្តាហ៍មុន បាននិយាយថា​ ស្លូវ៉ាគី នឹងពិចារណា ចាត់វិធានការប្រឆាំងអ៊ុយក្រែន​ ដូចជាបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី​ ប្រសិនបើទីក្រុងកៀវ​ បញ្ចប់ការដឹកជញ្ជូនឧស្ម័ន ចាប់ពីថ្ងៃទី១​ ខែមករា​។ រីឯលោក​ ហ្សេលេនស្គី​ ចាត់ទុកចំណាតការនេះថា វាហាក់ដូចជាលោក​ ពូទីន​ បញ្ជាឱ្យលោក​ Fico បង្កើតបញ្ហាផ្នែកថាមពលមួយទៀត​ ប្រឆាំងនឹងអ៊ុយក្រែន៕