(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងលើករណីគ្រោះថ្នាក់ឆេះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ បាននិយាយនៅថ្ងៃពុធ ទី១ ខែមករា នេះថា ពួកគេនឹងបញ្ជូនប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្ដហោះ ទៅកាន់សហរដ្ឋអាមេរិកសម្រាប់ធ្វើការវិភាគ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងក្រុមអ្នកស៊ើបអង្កេតមកពីក្រុមហ៊ុន Boeing បានធ្វើកិច្ចសហប្រតិបត្តិការលើការស៊ើបអង្កេតនៅឯទីតាំងធ្លាក់យន្ដហោះ ចាប់តាំងពីថ្ងៃអាទិត្យមកម៉្លេះ។ តាមអនុរដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលរបស់កូរ៉េខាងត្បូង លោក Joo Jong-wan ប្រអប់ខ្មៅទិន្នន័យហោះហើរនឹងត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក សម្រាប់ ធ្វើការវិភាគ។ លោក Joo បានបញ្ជាក់ដូច្នេះថា «ប្រអប់ខ្មៅទិន្នន័យហោះហើរដែលរងការខូចមិនអាចឱ្យក្រុមអ្នកជំនាញនៅក្នុងស្រុកទាញយកទិន្នន័យបាននោះទេ ដូច្នេះហើយមានការឯកភាពគ្នា នៅថ្ងៃនេះថានឹងបញ្ជូន ប្រអប់ខ្មៅនេះទៅកាន់សហរដ្ឋអាមេរិកសម្រាប់ធ្វើការវិភាគ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក»។
គួរបញ្ជាក់ថា លោក Joo ក៏បានឱ្យដឹងដែរថាប្រអប់ខ្មៅថតសំឡេងនៃយន្ដហោះ Jeju Air ត្រូវបានរកឃើញ ហើយការទាញយកទិន្នន័យបឋមត្រូវបានធ្វើរួចរាល់ហើយ។ យន្ដហោះធុន Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលមានផ្ទុកមនុស្ស ១៨១នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ឆ្ពោះទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយបានរអិល យ៉ាងលឿននៅពេលចុះចត ជ្រុលទៅបុកជញ្ជាំងនៅចុងបំផុតនៃផ្លូវរត់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បណ្ដោលឱ្យផ្ទុះឆេះសម្លាប់មនុស្ស ១៧៩នាក់ និងមានតែ២នាក់ប៉ុណ្ណោះ នៅរស់រាន មានជីវិត។ មិនទាន់មានការកំណត់ពីមូលហេតុនោះទេ តែបើតាមព័ត៌មានបឋម មូលហេតុនៅពីក្រោយសោកនាដកម្មនេះ គឺបណ្ដាលមកពីសត្វបក្សីហោះបុកចូលម៉ាស៊ីនយន្ដហោះ ឬអាចមកពី កត្តាអាកាសធាតុអាក្រក់៕