(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីនិយាយថា រថយន្ត Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះ នៅខាងក្រៅសណ្ឋាគារ Trump International Hotel Las Vegas កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងរបួស ៧នាក់ផ្សេងទៀត ហើយប៉ូលិស FBI កំពុងស៉ើបអង្កេតថាតើជាអំពើភេរវកម្ម ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ ២០២៥។

វីដេអូដែលថតដោយអ្នកដែលបានឃើញហេតុការណ៍ បង្ហាញពីរថយន្តឆាបឆេះ ពេលកំពុងចតនៅខាងក្រៅសណ្ឋាគារ។ សណ្ឋាគារក្នុងទីក្រុង Las Vegas មួយនេះ គឺជាផ្នែកនៃបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន មេប៉ូលិសក្រុង Las Vegas លោក Kevin McMahill បញ្ជាក់ថា «ទាក់ទងនឹងរថយន្ត Cybertruck សណ្ឋាគាររបស់ លោក ត្រាំ មានសំណួរជាច្រើនដែលយើងត្រូវឆ្លើយ»។ បើតាមភ្នាក់ងារពិសេសរបស់ FBI លោក Jeremy Schwartz ប្រាប់អ្នកយកព័ត៌មានថា «FBI កំណត់បានអត្តសញ្ញាណបុគ្គលជាអ្នកបើករថយន្ត ដែលជួលមកពីរដ្ឋ Colorado នោះហើយ ប៉ុន្តែមិនទាន់អាចបង្ហាញជាសាធារណៈនោះទេ។

ភ្លាមៗនោះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​មិនពាក់ព័ន្ធ​នឹងបញ្ហាពីរថយន្ត Cybertruck ផ្ទាល់នោះ​ទេ។ លោកបានបង្ហោះសារបង្ហោះលើបណ្តាញសង្គម X ថា «ឥឡូវនេះយើងអាចបញ្ជាក់ថា ការផ្ទុះនេះគឺបណ្តាលមកពីកាំជ្រួចធំណាមួយ និង/ឬគ្រាប់បែកដែលដាក់ជាប់នឹង Cybertruck ជួលនោះ»