(វ៉ាស៉ីនតោន)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បាត់បង់ជីវិត និងប្រហែល ២០នាក់ទៀតរងរបួស នៅពេលដែលកាំជ្រួចខុសច្បាប់បានផ្ទុះឡើង ក្នុងផ្ទះមួយកន្លែងនៃរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក ចំថ្ងៃបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ ២០២៥។
នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Honolulu បានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង មុនពាក់កណ្តាលអធ្រាត្រនៅខាងក្រៅផ្ទះមួយខ្នង ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុង Honolulu និងមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹករួមគ្នារបស់សហរដ្ឋអាមេរិក។ តាមសេវាសង្គ្រោះបន្ទាន់ មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះប្រហែល ២០នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អភិបាលក្រុង Honolulu លោក Rick Blangiardi បានឱ្យដឹងថា អ្នកស្លាប់មានចំនួន ៣នាក់។ នាយកដ្ឋានពន្លត់អគ្គីភ័យ កំពុងស៉ើបអង្កេតរកមូលហេតុនៃការផ្ទុះ ហើយនៅមិនទាន់មានព័ត៌មានលម្អិតទេ។
គួរបញ្ជាក់ថា តាមការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បង្ហាញឱ្យឃើញកាំជ្រួចដែលគេដុតទុកចោល បានផ្ទុះឡើងពាសពេញទីក្រុង។ ក្រុមមន្ត្រីរាយការណ៍ថា ក៏មានអ្នករងរបួសធ្ងន់ ៤នាក់ ដោយសារតែការដុតកាំជ្រួច នៅឯកន្លែងផ្សេងទៀតផងដែរ៕