(វ៉ាស៉ីនតោន)៖ ទាហានជើងចាស់អាមេរិកម្នាក់ ដែលលើកទង់ជាតិរបស់ក្រុម ISIS ចេញពីរថយន្ត ហើយបើកបុកទៅរបាំងបណ្តោះអាសន្ន ចូលក្នុងសង្កាត់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ១៥នាក់ ត្រូវបានក្រុមមន្ត្រីនិយាយថា ប្រហែលជាអនុវត្តដោយមានជំនួយពីអ្នកដ៏ទៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ ២០២៤។
ជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ឆ្នាំ ជាជនជាតិអាមេរិក មកពីរដ្ឋតិចសាស់ ធ្លាប់ធ្វើការនៅអាហ្វហ្កានីស្ថាន ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយបើករថយន្តបំបុកហ្វូងមនុស្ស។ FBI និយាយថា ប៉ូលិសបានរកឃើញអាវុធ និងឧបករណ៍បំផ្ទុះដ៏មានសក្ដានុពលមួយនៅក្នុងរថយន្ត ខណៈឧបករណ៍បំផ្ទុះពីរទៀត ត្រូវបានរកឃើញនៅសង្កាត់ French Quarter។
ការិយាល័យស៉ើបអង្កេតសហព័ន្ធ បានឱ្យដឹងថា ទង់ជាតិ ISIS មានជាប់នឹងខ្លួនជនសង្ស័យ ដែលជំរុញឱ្យមានការស៉ើបអង្កេត លើទំនាក់ទំនងជាមួយអង្គការភេរវករមួយនេះ។ លោក Alethea Duncan ជំនួយការភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុករឿងក្តីនេះ បានប្រាប់អ្នកយកព័ត៌មានដោយបន្ថែមថា ក្រុមស៉ើបអង្កេតកំពុងស្វែងរក «អត្តសញ្ញាណពិតប្រាកដនៃជនសង្ស័យ»។
គួរបញ្ជាក់ថា ហេតុការណ៍នោះ បណ្តាលឱ្យមនុស្សចំនួន ៣០នាក់របួស រួមទាំងមន្រ្តីប៉ូលិស ២នាក់ដែលត្រូវជនសង្ស័យបាញ់តដៃ។ វាបានកើតឡើងនៅឯផ្លូវ Bourbon Streets ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ និងដែលគេស្គាល់ជាតំបន់ប្រគុំតន្ត្រី និងបារ ចំពេលមនុស្សម្នាប្រារព្ធពិធីចូលឆ្នាំសកល៕