(មូស្គូ)៖ ការនាំចេញឧស្ម័នរុស្ស៉ី តាមបំពង់បង្ហូរប្រេងសម័យសូវៀត ដែលរត់កាត់អ៊ុយក្រែនទៅប្រទេសអឺរ៉ុបមួយចំនួនផងនោះ បានផ្អាកដំណើរការហើយ កាលថ្ងៃទី ១ ខែមករា ដែលជាការបិទបញ្ចប់ទីផ្សារថាមពលរុស្ស៉ីសម្រាប់អឺរ៉ុប រយៈពេលច្រើនទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ ២០២៥។
ឧស្ម័ននៅតែហូរកាត់តាមបំពង់ធម្មតា ទោះជាមានសង្រ្គាមជិត ៣ឆ្នាំរវាងរុស្ស៉ី និងអ៊ុយក្រែន ប៉ុន្តែក្រុមហ៊ុនឧស្ម័ន Gazprom និយាយថាខ្លួនបានបញ្ឈប់ដំណើរការនោះហើយ បន្ទាប់ពីអ៊ុយក្រែនមិនបន្តកិច្ចព្រមព្រៀង។ ក្រុមហ៊ុន Gazprom នឹងខាតបង់ជិត ៥ពាន់លានដុល្លារ ពីការផ្អាកលក់ឧស្ម័នទៅឱ្យអឺរ៉ុប។
អ្នកបញ្ជាទិញចុងក្រោយបង្អស់របស់ EU ពីរុស្ស៉ីតាមរយៈអ៊ុយក្រែន ដូចជាស្លូវ៉ាគី និងអូទ្រីស បានរៀបចំការផ្គត់ផ្គង់ជំនួស ខណៈហុងគ្រីបន្តទទួលឧស្ម័នរុស្ស៉ី តាមបំពង់ TurkStream នៅក្រោមសមុទ្រខ្មៅ។ ប៉ុន្តែតំបន់ផ្តាច់ខ្លួន Transdniestria របស់ប្រទេសម៉ុលដាវី ដែលគាំទ្រដោយរុស្ស៉ី និងបន្តពឹងផ្អែកលើលំហូរឧស្ម័នកាត់តាមអ៊ុយក្រែនដដែលនោះ បានកាត់ផ្តាច់ការផ្គត់ផ្គង់កំដៅ និងទឹកក្តៅសម្រាប់ពលរដ្ឋរបស់ខ្លួន កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា ការបិទបញ្ចប់នេះ នឹងមិនប៉ះពាល់ដល់តម្លៃសម្រាប់អ្នកប្រើប្រាស់ នៅក្នុងសហភាពអឺរ៉ុបទេ មិនដូចឆ្នាំ ២០២២ ដែលការផ្គត់ផ្គង់ពីរុស្ស៉ីធ្លាក់ចុះ ធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ បង្កវិបត្តិក្នុងការរស់នៅ និងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្លុកនោះឡើយ៕