(អឺរ៉ុប)៖ កាលពីថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ ប្រទេសរូម៉ានីនិងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប (EU) ដែលជាតំបន់ធ្វើដំណើរឆ្លងព្រំប្រទល់ដោយសេរី មិនចាំបាច់មានការត្រួតពិនិត្យលិខិតឆ្លងដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការត្រួតពិនិត្យលិខិតឆ្លងដែនលើ ការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវទឹកចេញពីប៊ុលហ្ការី និងរូម៉ានី ត្រូវបានលុបចោលតាំងតែពីខែមីនា ឆ្នាំ២០២៤ ប៉ុន្តែការត្រួតពិនិត្យលើ ការធ្វើដំណើរតាមផ្លូវគោក បានបន្តរហូតទាល់តែប្រទេសអូទ្រីស កាលពីខែមុននេះ ទើបតែ​បានសម្រេចចិត្ត លុបចោលការបោះឆ្នោតវេតូរបស់ខ្លួនវិញ។ អូទ្រីសបានបោះឆ្នោតជំទាស់ ក្រោមហេតុផលថា នៅចាំបាច់ត្រូវមាន​ចំណាត់ការបន្ថែមទៀត ដើម្បីបញ្ឈប់សកម្មភាពអន្តោប្រវេសន៍ខុសប្រក្រតី។

គួរបញ្ជាក់ថា ដំបូងឡើយ ការត្រួតពិនិត្យលិខិតឆ្លងដែនតាមព្រំប្រទល់ រវាងប្រទេសអ៉ឺរ៉ុប រួមមានដូចជា បារាំង អាល្លឺម៉ង់ បែលហ្ស៉ិក ហូឡង់ និងលុចសំបួ ត្រូវបានលុបចោលលែងមាន កាលពីឆ្នាំ១៩៨៥។ មកទល់ឥឡូវ តំបន់ធ្វើដំណើរដោយសេរី Schengen គ្របដណ្តប់លើប្រទេសចំនួន២៥ ក្នុងចំណោមរដ្ឋសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប ព្រមទាំងអ៉ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស។ សមាជិក EU ២ទៀត ដែលមិនមែនជាសមាជិកនៃតំបន់ Schengen គឺអៀរឡង់ និងស៉ីប។