(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់អាកាសចរណ៍នេះ បានជួបគ្រោះថ្នាក់ផ្ទុះឆេះ អំឡុងពេលចុះចត កាលពីសប្តាហ៍មុន ហើយផ្តាច់ជីវិតមនុស្ស១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប៉ូលិសនៅខេត្ត South Jeolla ជាទីដែលករណីគ្រោះថ្នាក់យន្តហោះ នៅទីក្រុង Muan បានកើតមានឡើង បាននិយាយថា ក្រុមអ្នកស៉ើបអង្កេត បានសម្រេចដាក់បម្រាមធ្វើដំណើរ លើបុគ្គលចំនួន២រូប ក្នុងនោះរួមមានទាំង CEO Jeju Air គឺលោក Kim E-bae។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសកូរ៉េខាងត្បូង ក៏បានបើកប្រតិបត្តិការចុះឆែកឆេរ នៅការិយាល័យរបស់ Jeju Air និងប្រតិបត្តិករព្រលានយន្តហោះ Muan ផងដែរ។

គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 ១គ្រឿង មានជើងហោះហើរ 7C2216 របស់អាកាសចរណ៍ Jeju Air បានចេញដំណើរមកពី​ទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់ទីក្រុង Muan នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះនោះ បានចុះចត​បន្ទាន់ទាំងគ្មានកង់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ប៉ុន្តែក៏បានជ្រុលធ្លាក់ចេញពីលើផ្លូវ ហើយទៅបុកជាមួយជញ្ជាំងថ្ម រួចផ្ទុះឆេះឡើង។ យន្តហោះខាងលើ មានផ្ទុកអ្នកដំណើរ១៧៥នាក់ និងក្រុមការងារយន្តហោះ ៦នាក់ ហើយមានតែ អ្នកបម្រើការលើយន្តហោះ២នាក់ប៉ុណ្ណោះ​ ដែលនៅមានជីវិត។ ក្រោយគ្រោះថ្នាក់កើតឡើងភ្លាមៗ CEO របស់អាកាសចរណ៍ Jeju Air លោក Kim E-bae បានចេញមុខឱនក្បាលគោរពសុំទោសជាសាធារណៈ ចំពោះសោកនាដកម្មដ៏អាក្រក់មួយនេះ៕