(ប៉េកាំង)៖ ឆ្នាំ២០២៥ជាការទទួលបន្តមរតកដ៏សំខាន់របស់ឆ្នាំ២០២៤ ដែលទើបបិទបញ្ចប់នេះ បានលាតត្រដាងយ៉ាងច្បាស់ថាប្រជាជនចិន ដែលទើបទទួលអំណរពរជ័យ៧៥ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់បក្សកុម្មុយនិស្តចិន ដូចក្នុងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានគូសបញ្ជាក់ពីវឌ្ឍនភាពសេដ្ឋកិច្ច តាមរយៈគោលនយោបាយកំណែទម្រង់បើកទូលាយ ក្នុងជំហានមាគ៌ាទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដោយបានផ្សារភ្ជាប់ និងការអភិវឌ្ឍបច្ចេកវិទ្យា និងឧស្សាហកម្មនវានុវត្ត បញ្ញាសិប្បនិម្មិតជំនាន់ថ្មីដែលមិនត្រឹមនៅក្នុងផែនដីនេះទេ ថែមទាំងនៅក្នុងលំហអាវកាសនៃស្ថានីយធានកុង របស់ប្រទេសចិនទៀតផង។

«ប្រទេសមួយ របបពីរ» ដែលបានអនុវត្តយ៉ាងជោគជ័យនៅក្នុងប្រទេសចិន រួមជាមួយការគាំទ្ររបស់សហគមន៍អន្តរជាតិលើ «គោលការណ៍ចិនតែមួយ» ក៏បានរំលេចយ៉ាងច្បាស់ នៅក្នុងកិច្ចខិតខំរបស់ប្រទេសចិន ក្នុងដំណើរអភិវឌ្ឍរបស់ខ្លួន រយៈពេល៧៥ឆ្នាំមកនេះ ហើយសម្លេងសារជូនពរឆ្នាំ២០២៥របស់លោក Xi Jinping ប្រៀបដូចស្នូរជួងដែលបានបន្លឺឡើង ទទួលអំណរឆ្នាំថ្មី បានផ្តល់នូវក្តីសង្ឃឹមដល់ក្តីសុបិនដល់ប្រទេសចិន និងពិភពលោកទាំងមូលក្នុងចរន្តនៃការវិញត្របាញ់ចូលគ្នា លើទំនាក់ទំនងវិជ្ជមានប្រកបដោយសន្តិភាពនៃសហគមន៍ ដែលមានអនាគតរួមគ្នាដើម្បីគេចចេញផុតពីវិបត្តិសកលនានា។

ឆ្នាំ២០២៥តាមរយៈសារជូនពររបស់លោក Xi Jinping បានរំលេចពីប្រាជ្ញាចិនក្នុងនាមជា អង្គភាពសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលនេះជាការគូសរំលេចថា ប្រទេសចិនតែងឈរជាប់ជានិច្ច ជាមួយកិច្ចអភិវឌ្ឍសកលបើទោះជាពិភពលោក បាននិងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ប្រទេសចិននៅបន្តធ្វើជា​ ខែលការពារយ៉ាងរឹងមាំដល់ផលប្រយោជន៍របស់មនុស្សជាតិ។

កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយមានការគាំទ្រជ្រោមជ្រែង ពីគំនិតផ្តួចផ្តើមទាំង៤រួមមាន «ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍន៍សកល» «សន្តិសុខសកល» និង «អរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយប្រទេសចិន ដែលមានលោក Xi Jinping ជាស្នូល និងរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពរវាងចិន និងបណ្តាប្រទេសនានាលើសលុប ក្នុងពិភពលោក កំពុងបញ្ចេញឫទ្ធានុភាពដោយបានជម្នះនូវរាល់សមរភូមិឧបសគ្គនានាក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញ នូវសមិទ្ធផលជាច្រើនដែលបានសម្រេចក្នុងមួយឆ្នាំកន្លងមក ហើយបន្តជ័យជម្នះនេះក្នុងជំហានយ៉ាងស្វាហាប់ ក្នុងឆ្នាំ២០២៥បន្តទៀត។

ប្រាជ្ញាចិនប្រកបដោយគតិបណ្ឌិតប្រសូតចេញពីទស្សនវិជ្ជារបស់លោក Xi Jinping បានទទួលនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីមនុស្សជាតិនៅទូទាំងពិភពលោក ហើយកិត្តិនាមរបស់ប្រទេសចិនទទួលបាន នូវមោទកភាពយ៉ាងខ្លាំង មិនត្រឹមសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជាតិទាំងមូល។ ម៉្យាងវិញទៀត ចាប់ពីឆ្នាំ២០១៣ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលបានស្នើដោយប្រទេសចិន បានក្លាយជាការអនុវត្តជាក់ស្តែង ដោយបានអនុញ្ញាតឱ្យប្រាជ្ញាចិនទាំងអស់នេះ បន្តជាពរជ័យផ្តល់នូវសមិទ្ធផលកាន់តែច្រើន បន្តិចម្តងៗដល់មនុស្សជាតិ។

ឆ្នាំ២០២៥តាមរយៈសារជូនពររបស់លោក Xi Jinping បានមើលឃើញយ៉ាងច្បាស់ថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយផ្តោតលើសេដ្ឋកិច្ចបៃតងបានក្លាយជា គោលនយោបាយដែលឈានឆ្ពោះទៅការកែលម្អភាពរស់នៅ និងការរីកចម្រើនរបស់ប្រជាជនចិន ក្នុងចរន្តនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសចិនតែងបានចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍនេះរួមចំណែកប្រកៀកស្មាជាមួយប្រទេសនានា ឱ្យឆាប់បានសម្រេចនូវគោលដៅដែលអង្គការសហប្រជាជាតិ ផ្តល់ជូនសម្រាប់ឆ្នាំ២០៣០ ដោយប្រទេសចិនយល់ថា ការតភ្ជាប់គ្នា និងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនានា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។

ឥទ្ធិពលនៃសន្តិភាពមានច្រើនលើសលុប បើធៀបជាមួយនឹងកត្តានានាដែលអាចបង្កឲ្យមានសង្រ្គាម ហើយនិន្នាការរបស់យើង ដើម្បីឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះនាពេលនេះ ទទួលបាននូវសន្ទុះខ្លាំង ជាងពេលមុនៗ ដែលនេះទស្សនវិស័យបង្ហាញផ្លូវដល់សកម្មភាពទិសដៅ ដូចដែលប្រាជ្ញាចិនបានបង្ហាញ នោះគឺកិច្ចកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិដែលបាននិងកំពុងបង្កើតឲ្យមានជា សណ្តាប់ធ្នាប់អន្ដរជាតិ ប្រកបដោយសមភាព យុត្តិធម៌ ប្រជាធិបតេយ្យ គឺជាគោលដៅដែលមនុស្សជាតិតែងប្រាថ្នាចង់បាន។

ជារួម តាមរយៈសារជូនពរឆ្នាំ២០២៥របស់លោក Xi Jinping បានមើលឃើញយ៉ាងច្បាស់ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាត្រីវិស័យចង្អុលទិសប្រកបដោយវិទ្យាសាស្រ្ត ដោយឈរយ៉ាងរឹងមាំជាមួយ សន្តិភាពនិងការអភិវឌ្ឍដែលតម្កល់ផលប្រយោជន៍របស់ប្រជាជនជាអាទិភាព ហើយដែលតែងលើកទឹកចិត្តដល់ បណ្តាប្រទេសនានារួមគ្នានៅក្នុងកិច្ចអភិវឌ្ឍសកល។

សារជូនពររបស់លោកប្រធានរដ្ឋចិនគឺជា បង្ហាញយ៉ាងប្រត្យក្សដោយគ្មានរបៀបវារៈលាក់បាំងណាមួយឡើងដែលថា ប្រទេសចិនបានត្រៀមខ្លួនរួចជាច្រើន នៅក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់មនុស្សជាតិ ស្របតាមការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នៃគំនិតផ្តួចផ្តើមនានា ដែលជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីរួមគ្នាបន្តឆន្ទៈជ្រោងទង់កិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន