(ប៉េកាំង)៖ នៅពេលដែលពន្លឺព្រះអាទិត្យដំបូងនៃឆ្នាំថ្មីចាំងជះលើផែនដី អ្នកផងទាំងពួងនៅគ្រប់ទីកន្លែង លើពិភពលោកមានការរំពឹងទុកផង ហើយក៏មានការព្រួយបារម្ភផងដែរ។ តើពិភពលោកនៅឆ្នាំ២០២៥ នឹងមានភាពល្អប្រសើរជាងមុនទេ? តើប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍធំបំផុត នឹងបន្តនាំមកនូវថាមពលវិជ្ជមាន ដល់ពិភពលោកដោយរបៀបណា?
"យើងតែងតែលូតលាស់ក្នុងព្យុះភ្លៀង ហើយបានរឹងមាំដោយឆ្លងកាត់ ការសាកល្បងយើងត្រូវពោរពេញទៅដោយជំនឿចិត្ត។" ឆ្លងតាមរយៈសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៥ របស់លោក Xi Jinping ប្រធានរដ្ឋចិន សហគមន៍អន្តរជាតិបានឃើញ សមិទ្ធផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ ហើយបានទទួលអារម្មណ៍ពីជំនឿចិត្តនិងស្មារតី របស់ប្រទេសចិនដែលមិនខ្លាចឧបសគ្គ និងកំណត់គោលដៅ ដើម្បីខិតខំធ្វើការ។ ជំនឿចិត្តបែបនេះ ហាក់បីដូចជាព្រះអាទិត្យ ក្នុងរដូវរងា ដែលបាននាំមកនូវភាពកក់ក្តៅដល់ពិភពលោក។
ប្រជាជនចិនតែងតែនិយាយថា "ជំនឿចិត្តមានតម្លៃជាងមាស"។ ជំនឿចិត្តនេះគឺមកពីភាពធន់ដ៏ខ្លាំងក្លា នៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសចិន។ ក្នុងឆ្នាំ២០២៤ដែលទើបបានកន្លងផុតទៅ ប្រឈមមុខនឹងកាលៈទេសៈដ៏ស្មុគ្រស្មាញទាំងក្នុង និងក្រៅប្រទេស ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដែលបានជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងមានភាពល្អប្រសើរ ហើយតាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបបានលើសពី ១៣០ទ្រីលានយាន់ប្រាក់ចិន។ គ្រឹះស្ថានទាំងក្នុង និងក្រៅប្រទេស សុទ្ធតែយល់ឃើញថា ប្រទេសចិននឹងសម្រេចបាន នូវគោលដៅនៃកំណើនសេដ្ឋកិច្ច ប្រហែល៥ភាគរយ។
ជំនឿចិត្តក៏បានមកពី "ភាពថ្មី" យ៉ាងផុលផុសនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ។ ក្នុងឆ្នាំ២០២៤ "ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់" និង "កម្លាំងផលិតកម្មគុណភាពថ្មី" បានក្លាយជាពាក្យគន្លឹះសម្រាប់មជ្ឈដ្ឋានខាងក្រៅ សង្កេតមើលនិន្នាការនៃសេដ្ឋកិច្ចចិន។ "ឧស្សាហកម្មថ្មី ទម្រង់អាជីវកម្មថ្មីនិងរូបមន្តថ្មីបានលេចចេញជាបន្តបន្ទាប់ ហើយបរិមាណផលិតរថយន្តថាមពលថ្មី ប្រចាំឆ្នាំបានលើសពី១០លានគ្រឿងជាលើកដំបូង។ល។" សមិទ្ធផល ដែលគួរឱ្យកត់សម្គាល់នេះ គឺជាការបកស្រាយដ៏ល្អបំផុត ចំពោះការឆ្ពោះទៅរកភាព "ថ្មី" នៃសេដ្ឋកិច្ចចិន។
ជំនឿចិត្តក៏បានមកពីការប្ដេជ្ញាចិត្ត ជាយុទ្ធសាស្ត្រនៃការអនុវត្តតាមផែនការផងដែរ។កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបានបើកធ្វើនៅខែកក្កដា ឆ្នាំ២០២៤ បានដាក់ចេញ នូវវិធានការកែទម្រង់សំខាន់ៗចំនួនជាង៣រយផ្នែក និងធ្វើការរៀបចំចាត់ចែងចំពោះការធ្វើឱ្យកាន់តៃស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្រឡេកមើលពិភពលោកបក្សកាន់អំណាច ដូចបក្សកុម្មុយនីស្តចិនអ៊ីចឹងដែលបានរក្សាស្ថិរភាព និងនិរន្តរភាពនៃគោលនយោបាយនិងបន្តវេន ខិតខំតស៊ូពីមួយជំនាន់ ទៅមួយជំនាន់បែបនេះ គឺមានចំនួនតិចតួចណាស់។ នេះគឺជាឧត្តមភាពខាងប្រព័ន្ធរបប ដែលបណ្តាលឱ្យប្រទេសចិនបានរក្សា ការអភិវឌ្ឍសេដ្ឋកិច្ចនិងស្ថិរភាពសង្គមក្នុងរយៈពេលយូរ។
មានតែពិភពលោកល្អ ប្រទេសចិនទើបបានល្អ បើសិនជាប្រទេសចិនល្អ ពិភពលោកនឹងកាន់តែល្អ។ ក្នុងដំណើរការធ្វើសកលភាវូបនីយកម្ម ប្រទេសចិនបានតភ្ជាប់យ៉ាងជិតស្និទ្ធ និងរួមសុខរួមទុក្ខជាមួយពិភពលោក ជាយូរណាស់មកហើយ។
ក្នុងឆ្នាំ២០២៤ តាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺប្រហែល៣០ភាគរយ ហើយបន្តក្លាយជា "យុថ្កានៃស្ថិរភាព" សម្រាប់ការអភិវឌ្ឍពិភពលោក។ ពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ដល់ ការជំរុញយ៉ាងសកម្ម នូវកំណែទម្រង់អភិបាលកិច្ចសកល រហូតដល់ការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស "សកលខាងត្បូង" ផែនការនិងប្រតិបតិ្តការរបស់ប្រទេសចិន បានបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើន ទៅក្នុងការគាំពារសន្តិភាព និងស្ថិរភាពពិភពលោក។
ទោះបីជាផ្លូវឆ្ងាយក៏ដោយ ក៏គង់តែដើរទៅដល់។ នៅឆ្នាំ២០២៥ ទោះបីជាប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរទាំងក្នុងនិងក្រៅប្រទេសក៏ដោយ ក៏ប៉ុន្តែ ប្រទេសចិននឹងមិនខ្លាចព្យុះភ្លៀង ពោរពេញទៅដោយក្តីសង្ឃឹម និងបន្តជំរុញយ៉ាងមុតមាំ នូវការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅ កាន់តែប្រកបដោយសុភមង្គលនិងកាន់តែល្អបវរ ក៏ដូចជាបង្កើតឱកាសអភិវឌ្ឍន៍កាន់តែច្រើន ដល់បណ្តាប្រទេសទាំងអស់ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន