(ហ្គាហ្សា)៖ ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១០ នាក់ នៅក្នុងជំរុំតង់មួយ ដែលផ្តល់ជម្រកដល់គ្រួសារដែលបានផ្លាស់ទីលំនៅ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងចំណោមជនរងគ្រោះទាំង ១០ នាក់ មានស្ត្រី និងកុមារ ដែលបានស្លាប់នៅក្នុងតង់មួយ ក្នុងទីក្រុង Al-Mawasi ដែលអ៊ីស្រាអែលធ្លាប់បានកំណត់ថាជា «តំបន់មនុស្សធម៌» សម្រាប់ជនស៊ីវិល។ ហេតុការណ៍នេះកើតឡើង ក្នុងខែទី ១៥ នៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលកំពុងកាន់អំណាចនៅតំបន់ហ្គាហ្សា។ មនុស្ស ១៥ នាក់ផ្សេងទៀតបានរងរបួស។
អាជ្ញាធរហ្គាហ្សាបានបញ្ជាក់ថា អគ្គនាយកនៃនាយកដ្ឋានប៉ូលីសហ្គាហ្សា លោក Mahmoud Salah និងជំនួយការរបស់គាត់ លោក Hussam Shahwan ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ អាជ្ញាធរបានចោទប្រកាន់អ៊ីស្រាអែលថាបានបង្កើនភាពចលាចល និងធ្វើឱ្យប្រជាជនរងទុក្ខវេទនាកាន់តែខ្លាំង តាមរយៈការសម្លាប់មន្ត្រីប៉ូលិសជាន់ខ្ពស់។
យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានវាយប្រហារ ទៅលើតំបន់ Al-Mawasi ភាគខាងលិចទីក្រុង Khan Younis ដោយសម្លាប់លោក Shahwan ដែលជាប្រធានកងកម្លាំងសន្តិសុខ របស់ក្រុមហាម៉ាស់ នៅភាគខាងត្បូងហ្គាហ្សា។ ទោះជាយ៉ាងណា អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយ អំពីការស្លាប់របស់លោក Salah ទេ។
គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៥,៥០០ នាក់ ក្នុងសង្គ្រាមនេះ។ ប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សា ដែលមានប្រជាជនសរុប ២.៣ លាននាក់ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ ហើយភាគច្រើននៃតំបន់ឆ្នេរតូចមួយនេះ ត្រូវបានបំផ្លិចបំផ្លាញ៕