(វ៉ាស៊ីនតោន)៖ ឧស្ម័នរុស្ស៉ីដែលហូរតាមបំពង់ឧស្ម័នមួយបន្សល់ទុកតាំងពីសម័យសូវៀត រត់កាត់តាមអ៊ុយក្រែនឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុប បានបញ្ឈប់កាលពីថ្ងៃពុធ ទី១ ខែមករា។ ផលប៉ះពាល់ពី ការបញ្ឈប់នេះដែលត្រូវបានគេទាយទុកជាមុនថានឹងកើតឡើងនោះ អាចនឹងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួននៅអឺរ៉ុប ហើយតិច ឬច្រើន ក៏អាចបង្កផលប៉ះពាល់ដល់ចំណូលរបស់រុស្ស៉ី សម្រាប់បំប៉នសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនផងដែរ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹង៖

* តើមានអ្វីបានកើតឡើង?
អ៊ុយក្រែនបានបដិសេធបន្តកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យរុស្ស៉ីបញ្ជូនឧស្ម័នទៅកាន់តំបន់អឺរ៉ុប។ កិច្ចព្រមព្រៀងនេះដំបូងឡើយនៅតែមានសុពលភាព និងត្រូវបានគោរពតាម បើទោះជា ក្រោយពេលរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ក៏ដោយ។ បំពង់ឧស្ម័នមានឈ្មោះថា Urengoy Pomary Uzhgorod​ ត្រូវបានសាងសង់ឡើងក្នុងសម័យសូវៀត ដើម្បីបង្ហូរឧស្ម័ន ចេញពីតំបន់ស៊ីបេរីទៅកាន់ទីផ្សារអឺរ៉ុប។ បំពង់ឧស្ម័ននេះដែរបានក្លាយជាផ្លូវដ៏សំខាន់មួយសម្រាប់បង្ហូរឧស្ម័នពីតំបន់ស៊ីបេរី ទៅកាន់តំបន់ព្រំដែនរបស់អ៊ុយក្រែនជាប់ស្លូវ៉ាគី ដោយត្រូវឆ្លងកាត់តាម ទីក្រុង Sudzha​ ដែលឥលូវកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៉ី។ Urengoy Pomary Uzhgorod​ ជាច្រករបៀងបង្ហូរឧស្ម័នធំចុងក្រោយ របស់រុស្ស៉ី ទៅកាន់តំបន់អឺរ៉ុប បន្ទាប់ពីបំពង់ឧស្ម័ន Nord Stream ទៅកាន់អាល្លឺម៉ង់រងការខូចខាតកាលពីឆ្នាំ២០២២ និងការបិទផ្លូវបញ្ជូនឧស្ម័នមួយកាត់បេឡារុសទៅប៉ូឡូញ។

* ហេតុអ្វីអ៊ុយក្រែន មិនបន្តកិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៉ី?
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានជាច្រើនខែមកហើយថាលោកនឹងមិនបន្តកិច្ចព្រមព្រៀងមានរយៈពេល៥ឆ្នាំ ដែលបានអស់សុពលភាពកាលពីពាក់កណ្ដាលយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នោះទេ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅមុនរុស្ស៉ីឈ្លានពានអ៊ុយក្រែន។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន កំពុងព្យាយាមបំផ្លាញសមត្ថភាពរកចំណូល របស់រុស្ស៉ី យកទៅបំប៉នសង្រ្គាម និងធ្វើយ៉ាងណាកុំឱ្យរុស្ស៉ីមានសមត្ថភាពប្រើប្រាស់ឧស្ម័ន ឬថាមពលផ្សេងទៀត ដើម្បីគំរាម ឬដាក់សម្ពាធលើបណ្ដាប្រទេសអឺរ៉ុប។ តាមក្រុមអ្នកវិភាគ ការបិទបំពង់ឧស្ម័នហូរកាត់តាមអ៊ុយក្រែន ទៅកាន់ទីផ្សារអឺរ៉ុប អាចនឹងកាត់បន្ថយប្រាក់ចំណូលពីការលក់ឧស្ម័នរបស់រុស្ស៉ីយ៉ាងហោច ៦.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកជំនាញយោធាបាននិយាយថា វាក៏មានហានិភ័យមួយចំនួនចំពោះអ៊ុយក្រែនផងដែរ នោះគឺរុស្ស៉ីអាចនឹងសម្រេចចិត្តវាយប្រហារបំផ្លិចបំផ្លាញបណ្ដាញបំពង់ឧស្ម័នរបស់អ៊ុយក្រែនដែលមួយផ្នែកធំ បានរួចផុតពីការវាយប្រហារមកទល់នឹងពេលនេះ។ ពីព្រោះឥលូវ រុស្ស៉ីគ្មានហេតុផលអ្វីត្រូវទុកឱ្យបំពង់ឧស្ម័នអ៊ុយក្រែនដំណើរការរកលុយទៅដោយងាយៗនោះទេ។

* តើវានឹងមានន័យយ៉ាងណាចំពោះអឺរ៉ុប?
ការអស់សុពលភាពនៃកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នត្រូវបានគេទាយទុកជាមុនជាយូរមកហើយ ដែលនេះបានទុកពេលឱ្យបណ្ដាប្រទេសអឺរ៉ុបត្រៀមខ្លួន។ ក្រុមមន្ត្រីអឺរ៉ុបបាននិយាយថាពួកគេមិនរំពឹង ថានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើតម្លៃឧស្ម័នឡើយ ពីព្រោះនៅមានប្រភពផ្គត់ផ្គង់ផ្សេងទៀត។ រុស្ស៉ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ក្រោយឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយបង្ខំឱ្យប្រទេសនៅអឺរ៉ុបជាច្រើនបញ្ចេញកញ្ចប់ថវិកាបន្ទាន់ ដើម្បីគាំទ្រដល់បណ្ដាក្រុមហ៊ុន និងពលរដ្ឋរបស់ខ្លួន។ ជាការឆ្លើយតប ប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើនបានកាត់បន្ថយ ការពឹងផ្អែករបស់ពួកគេលើឧស្ម័នរុស្ស៉ី ហើយរកប្រភពផ្គត់ផ្គង់ជំនួសពីប្រទេសអាស៊ែបៃហ្សង់ និងកន្លែងដទៃទៀត។ ប៉ុន្តែ បញ្ហាធំ និងស្មុគស្មាញនោះគឺតម្លៃ ស្របពេលដែលតម្លៃឧស្ម័នអឺរ៉ុបសព្វថ្ងៃ គឺមានតម្លៃថ្លៃជាងឧស្ម័ននៅសហរដ្ឋអាមេរិកដល់ទៅជិត៤ដង។ «ផលប៉ះពាល់ពិតប្រាកដដែលខ្ញុំឃើញ នោះគឺការស្វែងរកប្រភពផ្គត់ផ្គង់ជំនួសនឹងមានតម្លៃរឹតតែថ្លៃ សម្រាប់ប្រទេសដូចជាស្លូវ៉ាគី អូទ្រីស និងសាធារណរដ្ឋឆែក»។ នេះជាការយល់ឃើញរបស់លោកស្រី Natasha Fielding ជាប្រធានកំណត់តម្លៃឧស្ម័នអឺរ៉ុបនៃក្រុមហ៊ុន Argus Media។ ម្យ៉ាងវិញទៀត ក្រៅពីរុស្ស៉ីដែលអាច បាត់បង់ចំណូល អ៊ុយក្រែនក៏អាចបាត់ចំណូលដូចគ្នាដែរ ខណៈក្នុងមួយឆ្នាំៗ អ៊ុយក្រែនរកចំណូលបានចន្លោះពី៨០០លានដុល្លារ ទៅ១ពាន់លានដុល្លារ ពីការកិច្ចព្រមព្រៀងអនុញ្ញាតឱ្យឧស្ម័នរុស្ស៉ី ហូរកាត់តាមទឹកដីរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប។ តែយ៉ាងណា វាល្អជាងបណ្ដោយឱ្យរុស្ស៉ីរកលុយទុកបន្តធ្វើសង្រ្គាម។

* តើប្រទេសណារងផលប៉ះពាល់ខ្លាំងជាងគេ?
បើទោះជារុស្ស៉ីឈ្លានពានអ៊ុយក្រែនក៏ដោយ ក៏ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន៣ រួមមានអូទ្រីស ហុងគ្រី និងស្លូវ៉ាគី នៅតែបន្តទិញថាមពលមួយផ្នែកធំពីរុស្ស៉ី។ រដ្ឋាភិបាលអូទ្រីសបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី១ ខែមករាថាខ្លួនបានត្រៀមខ្លួនទុកជាមុន និងបានរកឃើញអ្នកផ្គត់ផ្គង់ក្រៅពីរុស្ស៉ី។ OMV ដែលជាក្រុមហ៊ុនថាមពលរបស់អូទ្រីស ក៏បានបញ្ជាក់ កាលពីខែធ្នូដែរថាខ្លួនបានផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនរុស្ស៉ី Gazprom ហើយសិ្ថតក្នុងស្ថានភាពល្អប្រសើរដើម្បីរកប្រភពផ្គត់ផ្គង់ជំនួស។ ហុងគ្រីវិញ ដែលបានជំរុញឱ្យអ៊ុយក្រែនបន្តកិច្ចព្រមព្រៀង ជាមួយរុស្ស៉ី អាចទទួលបានឧស្ម័នមួយផ្នែកធំពីរុស្ស៉ី តាមរយៈបំពង់ឧស្ម័ន TurkStream។

ប៉ុន្តែ ស្លូវ៉ាគីគឺជាប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នរុស្ស៉ី។ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ដែលមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមថា លោកនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី ជាការសងសឹកអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវមិនព្រមបន្តកិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៉ីទេនោះ។

គួរបញ្ជាក់ថា ប្រទេសមួយចំនួនដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ដូចជាស៊ែរប៊ី និងប្រទេសដទៃក្នុងតំបន់បាល់កង់ នៅតែបន្តទិញឧស្ម័នពីរុស្ស៉ី។ ក្នុងនោះប្រទេសម៉ុលដាវី ដែលមានព្រំដែនជាប់ អ៊ុយក្រែនអាចជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ។ កាលពីខែធ្នូ ម៉ុលដាវី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចំពោះមុខការភ័យខ្លាចថាការបិទបញ្ចប់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ី កាត់តាម អ៊ុយក្រែនអាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពថាមពលអគ្គិសនីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Transnistria ជាតំបន់ផ្ដាច់ខ្លួនមួយគាំទ្រដោយរុស្ស៉ី៕