(ផ្លរីដា)៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋ Florida ដើម្បីជួបជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអឺរ៉ុបរូបនេះ ក្នុងការពង្រឹងទំនាក់ទំនង និងការត្រៀមខ្លួនសម្រាប់រដ្ឋបាលថ្មី នៅសហរដ្ឋអាមេរិក។
តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គមដោយអ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត បានបង្ហាញថា លោកស្រី Meloni ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជាមួយនឹងការទះដៃអបអរសាទរ ពីសំណាក់សមាជិកនៃរមណីយដ្ឋាន Mar-a-Lago របស់អតីតប្រធានាធិបតីអាមេរិក បន្ទាប់ពីត្រូវបានណែនាំដោយរូបលោកផ្ទាល់។ លោក ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា «ពិតជាគួរឱ្យរំភើបណាស់ ដែលបាននៅទីនេះ ជាមួយស្ត្រីដ៏អស្ចារ្យម្នាក់ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី»។ លោកបានបន្តកោតសរសើរលោកស្រី Meloni ថា «ពិតជាបានធ្វើឱ្យទ្វីបអឺរ៉ុបភ្ញាក់ផ្អើល»។
គួរបញ្ជាក់ថា លោកស្រី Meloni ត្រូវបានគេមើលឃើញថា ជាដៃគូដ៏រឹងមាំ សម្រាប់អតីតប្រធានាធិបតី ដោយសារតែគោលជំហរអភិរក្សនិយមរបស់លោកស្រី និងស្ថិរភាពនៃសម្ព័ន្ធស្តាំនិយម ដែលលោកស្រីបានដឹកនាំ នៅក្នុងប្រទេសអ៊ីតាលី។ លោកស្រី ក៏បានបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់អតីតប្រធានាធិបតីផងដែរ។
ទោះបីជាមិនមានព័ត៌មានលម្អិត នៃកិច្ចប្រជុំរបស់ពួកគេ ត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា លោកស្រី Meloni បានពិភាក្សាជាមួយអតីតប្រធានាធិបតី អំពីសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បញ្ហាពាណិជ្ជកម្ម មជ្ឈិមបូព៌ា និងស្ថានភាពរបស់អ្នកកាសែតអ៊ីតាលី ដែលត្រូវបានឃុំខ្លួននៅអ៊ីរ៉ង់៕