(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី៦ ខែមករា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក ជឿជាក់ថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងសេអ៊ូល លោកប្រមុខការទូតអាមេរិក បានលើកឡើងដូច្នេះថា «កូរ៉េខាងជើង កំពុងតែទទួលបាមរួចជាស្រេច នូវបរិក្ខារយោធា និងការបណ្តុះបណ្តាលពីរុស្ស៉ី។ ឥឡូវនេះ យើងមានហេតុផលអាចជឿថា ទីក្រុងមូស្គូមាន​បំណងចែករំលែកបច្ចេកវិទ្យាទំនើបៗ ពាក់ព័ន្ធអវកាសនិងផ្កាយរណប ជាមួយទីក្រុងព្យុងយ៉ាង ថែមទៀត»។ លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកក៏ជឿជាក់ដែរថា រុស្ស៉ីប្រហែលជិតទទួលស្គាល់ជាផ្លូវការហើយ ចំពោះឋានៈជាមហាអំណាចនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ស្របពេលដែលលោក Blinken មកបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលយ៉ាងហោច ១គ្រាប់ ដែលត្រូវបានជឿថាជា មីស៉ីលបាលិស្ទីគ។ ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល បានរួមគ្នាថ្កោលទោសការបាញ់មីស៉ីលនោះ៕