(សេអ៊ូល)៖ ក្រុមអ្នកស៉ើបអង្កេតកូរ៉េខាងត្បូង ដែលកំពុងព្យាយាមចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol បាននិយាយថា ពួកគេនឹងស្នើសុំការពន្យារសុពលភាព នៃដីកាចាប់ខ្លួន ដែលនឹងត្រូវផុតកំណត់ នាយប់ថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Lee Jae-seung នាយករងការិយាល័យស៉ើបអង្កេតអំពើពុករលួយ (CIO) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សុពលភាពដីកានឹងផុតកំណត់ នៅថ្ងៃចន្ទនេះហើយ។ ដូច្នេះនៅថ្ងៃនេះ ពួកយើងគ្រោងនឹងស្នើសុំការពន្យារពេលសុពលភាពបន្ថែម ពីសំណាក់តុលាការ ដែលតម្រូវឱ្យបញ្ជាក់ហេតុផល សម្រាប់ការពន្យារសុពលភាពដីកា ដែលតាមបទដ្ឋាន គឺមានរយៈពេល៧ថ្ងៃ»។ សុពលភាពដីកាចាប់ខ្លួននោះ នឹងផុតកំណត់ នៅយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ក្រុមអ្នកស៉ើបអង្កេត ដែលកំពុងស៉ើបលើលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន បានទទួលបរាជ័យម្តងទៀត កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្នុងការព្យាយាមអនុវត្តដីកាចាប់ខ្លួនខាងលើ ក្រោយត្រូវបានរារាំងដោយក្រុមអង្គរក្សប្រធានាធិបតី។ លោក Yoon Suk Yeol ត្រូវព្យួរអំណាចចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ក្រោយសភាបោះឆ្នោតចោទប្រកាន់ ដើម្បីដកតំណែងលោក។
តុលាការធម្មនុញ្ញ នឹងសម្រេចជាចុងក្រោយថា ត្រូវដកតំណែងរបស់លោក ឬមួយក៏ឱ្យលោកកាន់អំណាចដូចដើមវិញ។ សម្រាប់ពេលនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok កំពុងកាន់តួនាទីជា ប្រធានាធិបតីស្តីទី៕