(ប៉េកាំង)៖ ឆ្នាំ២០២៥ ជាខួបទី១០០ នៃការបង្កើតមេកានិចកង់ទិច (Quantum Mechanics) ហើយក៏ជាឆ្នាំអន្តរជាតិខាងវិទ្យាសាស្ត្រ និងបច្ចេកទេសកង់ទិចផងដែរ ។ ប៉ុន្តែ ខណៈពេលទើបចូលឆ្នាំថ្មី នីតិវិធីថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលដាក់កំហិតបុគ្គលនិងក្រុមហ៊ុនអាមេរិកបណ្តាក់ទុន លើវិស័យបច្ចេកទេសជឿនលឿន របស់ចិន ដូចជាការគណនាកង់ទិចជាដើម ក៏បានចូលជាធរមានជាផ្លូវការដែរ ។ អ្នកវិភាគបានលើកឡើងថា អាមេរិក បានដាក់សម្ពាធទៅលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់របស់ចិន ដោយគិតពីផលប្រយោជន៍ខាងនយោបាយ ប៉ុន្តែ ទីបំផុត ពួកគេនឹងប្រទះឃើញថា ការពិតជាក់ស្តែងគឺផ្ទុយពីគោលបំណង។

សូមបញ្ជាក់ថា បច្ចេកវិទ្យាមេកានិចកង់ទិច គឺជាវិទ្យាសាស្ត្រឈានមុខគេក្នុងបដិវត្តន៍វិទ្យាសាស្ត្រ និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ដែលមានវិស័យធំៗចំនួនបី គឺការគណនាកង់ទិច ទូរគមនាគមន៍កង់ទិច និងការវាស់ស្ទង់លម្អិតកង់ទិច ។ ក្នុងនាមជាប្រទេសមហាអំណាចខាងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសធំទាំងពីរលើពិភពលោក ចិននិងអាមេរិកមាន ឧត្តមភាពរៀងៗខ្លួន លើវិស័យធំៗទាំងបីនៃមេកានិចកង់ទិច។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាមេកានិចកង់ទិច របស់ប្រទេសចិនបានរំលេចចេញ ឥតឈប់ឈរ ដែលបានប៉ះនូវចំណុចរសើបរបស់ អ្នកនយោបាយអាមេរិកមួយចំនួន។

នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ក្រោមលេសថាការបណ្តាក់ទុនរបស់អាមេរិកនៅប្រទេសចិន ប្រហែលនឹងគំរាមកំហែង ដល់សន្តិសុខជាតិ រដ្ឋាភិបាលអាមេរិកបានដាក់ចេញ បម្រាមបណ្តាក់ទុនលើ វិស័យវត្ថុពាក់កណ្ដាលចម្លង បច្ចេកទេសកង់ទិច និងបញ្ញាសិប្បនិមិ្មតរបស់ប្រទេសចិន ហើយចូលជាធរមាននៅថ្ងៃទី២ ខែមករា ឆ្នាំនេះ ។

តើការបណ្តាក់ទុននៅប្រទេសចិន ម៉េចក៏បានគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកទៅ? ទាក់ទិននឹងបញ្ហានេះ លោក Li Donghai សាស្ត្រចារ្យ នៃវិទ្យាស្ថានការទូតរបស់ចិន បានថ្លែងថា បច្ចុប្បន្ននេះ ការប្រកួតប្រជែងរវាងអាមេរិកនិងចិន មានសភាពកាន់តែខ្លាំងឡើងៗ ជាពិសេសគឺលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់ ។ អាមេរិកអនុវត្តនីតិវិធីថ្មី ដោយយកសន្តិសុខជាតិធ្វើជាលេស ក្នុងគោលបំណងចង់បង្កើនការដាក់កំហិត លើវិស័យបច្ចេកទេសឈានមុខគេ ដូចជាបច្ចេកវិទ្យាកង់ទិចជាដើម ដើម្បីគាបសង្កត់ឧត្តមភាពរបស់ចិន ក្នុងការប្រកួតប្រជែង។ ប្រការនេះបានបង្ហាញឱ្យឃើញ នូវក្ដីបារម្ភរបស់អ្នកនយោបាយអាមេរិក ចំពោះល្បឿនលឿននៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន។

ដោយសារមានទស្សនផលបូកសូន្យ បានជាកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យារវាងចិន និងអាមេរិកបានឆ្លងកាត់ ការបត់បែនយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពីការដាក់កំហិតនិងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនបច្ចេកវិទ្យាទំនើ បរបស់ប្រទេសចិន ដូចជាក្រុមហ៊ុនហួវៃជាដើម ដល់ការប្រើប្រាស់មធ្យោបាយ ដូចជាការគ្រប់គ្រងបច្ចេកទេស ទប់ស្កាត់ការផ្លាស់ប្តូរ និងទប់ស្កាត់ធនធានមនុស្សជាដើម អាមេរិកបានដាក់រណាំងឧបសគ្គ ដោយចេតនាឥតឈប់ឈរ ដើម្បីអនុវត្តអ្វីដែលហៅថា សង្គ្រាមត្រជាក់ខាងបច្ចេកវិទ្យា និងផ្តាច់ទំនាក់ទំនងខាងបច្ចេកវិទ្យា។

តើនីតិវិធីថ្មីរបស់ភាគីអាមេរិកស្តីពីការដាក់កំហិតលើ ការវិនិយោគប្រហែលនឹងនាំមកនូវផលប៉ះពាល់អ្វីខ្លះ?របាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ ដែលចេញផ្សាយដោយ វិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ របស់បារាំងកាលពីខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថា ការវិនិយោគលើទីផ្សារកង់ទិចរបស់ចិនភាគច្រើន គឺមកពីសហគ្រាសក្នុងស្រុក ដែលមានសមាមាត្រលើសពី៣ភាគ៤។នេះគឺមានន័យថា នីតិវិធីថ្មីរបស់អាមេរិក បានជះឥទ្ធិពលមានកម្រិតចំពោះប្រទេសចិន ផ្ទុយទៅវិញ អាមេរិកខ្លួនឯងបែរជានឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

បើមើលពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទង្វើរបស់អាមេរិកបែបនេះក៏មិនសមស្របនឹងស្មារតី ដែលបានប្រកាន់ខ្ជាប់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិន និងអាមេរិកដែរ។ សមិទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើ នបានបញ្ជាក់ថា ចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ចាប់ពីទ្វេភាគី រហូតដល់ពិភពលោកទាំងមូល សុទ្ធតែជាអ្នកទទួល ផលប្រយោជន៍។ ហេតុនេះហើយបានជា ស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងឥស្សរជនជាច្រើននៃប្រទេសអាមេរិក បានអំពាវនាវម្តងហើយម្តងទៀតថា កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិន និងអាមេរិក វាមានអំណោយផលដល់អាមេរិក ហើយរិះគន់ទៅលើអ្នកនយោបាយអាមេរិក ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងបំផ្លាញ កិច្ចសហប្រតិបត្តិការប្រក្រតី រវាងប្រទេសទាំងពីរ។

ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ តែគឺជាឱកាសរបស់គូភាគី។ពេលបច្ចុប្បន្ននេះ ចិននិងអាមេរិកសុទ្ធតែជា អ្នកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជា ភាពវៃឆ្លាតសិប្បនិមិ្មត និងការគ្រប់គ្រងលំហអវកាស ភាគីទាំងពីរចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការ វាមិនត្រឹមតែ អាចជំរុញវឌ្ឍនភាព ផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អំណោយផលដល់ការរួមគ្នាឆ្លើយតបនឹង បញ្ហាប្រឈមជាសកល ជំរុញសេដ្ឋកិច្ចសកលនិងបង្កើនសុខសុភមង្គល របស់ប្រជាជនពិភពលោកទៀតផង។ នេះហើយក៏ជាទំនួលខុសត្រូវពិសេស របស់ចិននិងអាមេរិកដែលជាប្រទេសធំទាំងពីរដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន