(មូស្គូ)៖ កងកម្លាំងរុស្ស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការទទួលបានជោគជ័យដ៏សំខាន់នៅភាគខាងកើតអ៊ុយក្រែន ក្នុងពេលដំណាលគ្នាដែលកំពុងទប់ទល់នឹងការវាយលុកថ្មីរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកទីក្រុង Kurakhove ដែលមានចម្ងាយ ៣២ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន។ ការដណ្តើមយក Kurakhove ដែលជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ ត្រូវបានគេមើលឃើញថា នឹងអាចឱ្យកងកម្លាំងរុស្ស៊ីពន្លឿនការរុលទៅមុខនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីក៏បានអះអាងថា បានកាន់កាប់ Dachenske ដែលជាការតាំងទីលំនៅមួយនៅចម្ងាយប្រាំម៉ាយពី Pokrovsk ផងដែរ។

ទន្ទឹម​នឹង​នេះ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី ជា​កន្លែង​ដែល​អ៊ុយក្រែន​បាន​បើក​ការ​វាយលុក​ថ្មី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។ រុស្ស៊ី​អះអាង​ថា​ បាន​ទប់ស្កាត់​ការ​វាយលុក​នេះ និង​បាន​បំផ្លាញ​កងកម្លាំង​អ៊ុយក្រែន​មួយ​ចំនួន​ធំ។ មេបញ្ជាការ​ជាន់​ខ្ពស់​រុស្ស៊ី​ម្នាក់​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ពី​ភាគី​អ៊ុយក្រែន។

គួរបញ្ជាក់ថា ភាគី​ទាំង​ពីរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ព្យាយាម​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​លើ​សមរភូមិ មុន​ពេល​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក​ចូល​កាន់​តំណែង​នៅ​ខែ​មករានេះ។ ការ​កាន់កាប់​ទឹកដី​មួយ​ចំនួន​នៅ​ក្នុង​តំបន់ Kursk ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តល់​អានុភាព​ដល់​អ៊ុយក្រែន​ក្នុង​ការ​ចរចា​សន្តិភាព​ដែល​អាច​កើត​មាន​នា​ពេល​អនាគត៕