(សេអ៊ូល)៖ នៅគ្រាដែលក្រុមអ្នកស៉ើបអង្កេតកូរ៉េខាងត្បូង ស្វែងរកការពន្យារសុពលភាពដីកាចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ជាថ្មី នូវទំនុកចិត្តលើការដោះស្រាយវិបត្តិនយោបាយក្នុងស្រុក របស់សម្ព័ន្ធមិត្តអាស៉ីដ៏សំខាន់មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៤។
បន្ទាប់ពីជួប លោក Cho Tae-yul រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន មានក្តីបារម្ភខ្លាំងចំពោះទីក្រុងសេអ៊ូល ជុំវិញសកម្មភាពមួយចំនួនដែល លោក Yoon Suk Yeol ប្រើប្រាស់សម្រាប់ការប្រកាសប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។
ប៉ុន្តែ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានថា «ព្រឹត្តិការណ៍ដែលកើតឡើង តាំងពីពេលនោះមក ឆ្លុះបញ្ចាំងឱ្យឃើញថាកូរ៉េខាងត្បូង ជាប្រទេសប្រជាធិបតេយ្យមួយ ដែលមានការប្រកាន់ខ្ជាប់ខ្លាំង។ ការឆ្លើយតបដែលបានឃើញហើយរំពឹងថានឹងបន្តទៀតនោះ គឺជាការឆ្លើយតបមួយដែលមានសន្តិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ»។
តាមក្រសួងការបរទេសអាមេរិក នៅឯកូរ៉េខាងត្បូង លោក Blinken ក៏បានជួបប្រធានាធិបតីស្តីទី លោក Choi Sang-mok ផងដែរ ហើយលោក Blinken បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តចំពោះភាពរឹងមាំទំនាក់ទំនង កូរ៉េខាងត្បូង-អាមេរិក ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូង៕