(ហ្គ្រីនឡែន)៖ កូនប្រុសច្បងរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតថ្មី បានធ្វើដំណើរទស្សនកិច្ចឯកជនទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីឪពុករបស់លោកបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញកោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

លោក Trump Jr. បានធ្វើដំណើរទៅដល់រដ្ឋធានី Nuuk របស់ហ្គ្រីនឡែន កាលពីថ្ងៃអង្គារ ដោយប្រើយន្តហោះឯកជន។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរកម្សាន្តឯកជន ហើយមិនមានកិច្ចប្រជុំផ្លូវការជាមួយមន្ត្រីរដ្ឋាភិបាលនោះទេ។​ ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចនេះ បានបង្កើនការចាប់អារម្មណ៍និងការពិភាក្សា អំពីអនាគតទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងហ្គ្រីនឡែន។

គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញហ្គ្រីនឡែន កាលពីឆ្នាំ ២០១៩ ប៉ុន្តែផែនការនេះត្រូវបានបដិសេធ ដោយរដ្ឋាភិបាលដាណឺម៉ាក។ កាលពីថ្ងៃចន្ទ លោកបានសរសើរពីកោះនេះនៅលើបណ្តាញសង្គម និងបានលើកឡើងពីអត្ថប្រយោជន៍ដែលហ្គ្រីនឡែន នឹងទទួលបាន ប្រសិនបើក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។

ហ្គ្រីនឡែន គឺជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានទីតាំងស្ថិតនៅ តំបន់អាកទិក និងសម្បូរទៅដោយធនធានធម្មជាតិ។ កោះនេះក៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារតែទីតាំងភូមិសាស្ត្ររបស់វា៕