(វ៉ាស៉ីនតោន)៖ ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បានបង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបំផ្លាញផ្ទះសម្បែង និងនាំឱ្យកកស្ទះចរាចរណ៍ ខណៈមនុស្ស ៣០ ០០០នាក់ត្រូវជម្លៀសខ្លួន ចំពេលមានផ្សែងក្រាស់គ្របដណ្តប់ទីប្រជុំជនជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។
យ៉ាងហោចណាស់ផ្ទៃដី ១ ១៨២ហិកតានៃសង្កាត់ Pacific Palisades ស្ថិតនៅចន្លោះបណ្តោយឆ្នេរនៃទីក្រុង Santa Monica និងទីក្រុង Malibu ត្រូវបានឆាបឆេះ។ ស្របពេលដែលភ្លើងឆេះរីករាលដាល ក្រុមមន្ត្រីនិយាយថា ស្ថានភាពខ្យល់បក់ខ្លាំងអាចនឹងកើតឡើងពេញមួយយប់ ដែលនាំឱ្យមានការព្រួយបារម្ភថា អ្នករស់នៅតាមសង្កាត់ច្រើនទៀត អាចនឹងត្រូវបង្ខំឱ្យជម្លៀសខ្លួន។ ក្រោយមក ទីក្រុង Santa Monica បានបញ្ជាឱ្យមានការជម្លៀស នៅតំបន់ភាគខាងជើង។
លោក Kristin Crowley ប្រធានផ្នែកពន្លត់អគ្គីភ័យនៅទីក្រុង Los Angeles បានប្រាប់សន្និសីទសារព័ត៌មានដោយបន្ថែមថា មនុស្សជាង ២៥ ០០០នាក់រស់នៅផ្ទះ ១០ ០០០ខ្នង បានរងការគំរាមកំហែង។ ក្រុមពន្លត់អគ្គិភ័យបានបាញ់ពន្លត់ តាមឧទ្ធម្ភាគចក្រ ខណៈអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅសង្កាត់ Pacific Palisades មានផ្ទះរបស់តារាហូលីវូដមួយចំនួន។ ខ្យល់បក់ខ្លាំងនៅ Los Angeles ក៏បានផ្លាស់ប្តូរផែនការធ្វើដំណើររបស់ប្រធានាធិបតី លោក ចូ បៃដិន ទៅកាន់តំបន់ជ្រលងភ្នំ Coachella ដើម្បីចូលរួមពិធីសាសង់ វិមានជាតិថ្មីចំនួនពីរ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាផងដែរ៕