(ប៉េកាំង)៖ ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុនបរទេសជាច្រើនបានប្រកាសថា នឹងបង្កើនការវិនិយោគ នៅក្នុងប្រទេសចិន ដែលបានបំផុសភាពសន្ទុះខ្លាំងក្លា នៃកិច្ចសហប្រតិបត្តិការ។ អ្នកជំនាញបានលើកឡើងថា សកម្មភាពមួយចំនួនរបស់ទុនបរទេសនៅដើមឆ្នាំនេះ បានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញជាសាកលរបស់ប្រទេសចិន ទាក់ទិននឹងភាពស៊ីសង្វាក់គ្នារវាងបច្ចេកវិទ្យា និងឧស្សាហកម្ម ដោយោឡែកទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិន ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញកម្រិតខ្ពស់ ដែលឈរនៅលំដាប់ ឈានមុខគេលើពិភពលោ កព្រមនិងសមិទ្ធផល ដែលត្រូវបានសន្សែសន្សំក្នុងវិស័យបច្ចេកវិទ្យាថាមពលថ្មី និងការបើកបរវៃឆ្លាត សុទ្ធតែបានទាក់ទាញទុនបរទេសឱ្យបង្កើន កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

បើនិយាយចំពោះសហគ្រាសទុនបរទេស កម្លាំងរស់រវើកនៃទីផ្សារដ៏ធំធេងរបស់ចិន គឺមានន័យថា ជាកម្លាំងចលករសម្រាប់ ការអភិវឌ្ឍ។ នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យ ដែលចេញផ្សាយដោយសហព័ន្ធពាណិជ្ជកម្ម នៃប្រទេសចិនបង្ហាញថា សន្ទស្សន៍ស្តីពីភាពរីកចម្រើនក្នុងមុខរបរលក់រាយ នៃប្រទេសចិននៅខែមករា ឆ្នាំនេះ គឺ៥១,១ ភាគរយ ដែលសុទ្ធតែ មានការកើនឡើងបើប្រៀបធៀបនឹងខែមុន ឬរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ សន្ទស្សន៍រកផលចំណេញបានកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងខែមុន ដែលបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ។ ស្របពេលដែល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ការប្រើប្រាស់ទំនិញនឹងមានភាពកាន់តែរស់រវើក។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និន្នាការឆ្ពោះទៅរកភាពវៃឆ្លាត និងភាពបៃតងនៃឧស្សាហកម្ម មានភាពកាន់តែលេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យ សហគ្រាសទុនបរទេសធ្វើអាជីវកម្ម ឱ្យបានកាន់តែស៊ីជម្រៅនៅប្រទេសចិន។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសជាច្រើន បានសាងសង់ "រោងចក្រកម្រិតខ្ពស់" នៅក្នុងប្រទេសចិនដោយរំពឹងទុកថា នឹងសម្រេចបាននូវស្វ័យប្រវត្តិកម្ម និងភាពវៃឆ្លាតក្នុងដំណើរការទាំងមូល ពីការផលិតដល់ការចែកចាយនិងដឹកជញ្ជូន ។ អ្នកវិភាគសម្គាល់ឃើញថា ឧត្តមភាពចម្រុះរបស់ប្រទេសចិន ក្នុងវិស័យដូចជាប្រព័ន្ធទីផ្សារ ទ្រង់ទ្រាយនៃទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្ម និងធនធានមនុស្សជាដើម បានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លាសម្រាប់ឱ្យសហគ្រាសទុនបរទេស បង្កើតរចនាសម្ព័ន្ធនៃខ្សែសង្វាក់តម្លៃទាំងមូល។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា កំណើនសេដ្ឋកិច្ចនិងភាពប្រាកដប្រជានៃការពង្រីក ការបើកទូលាយរបស់ ប្រទេសចិន បានពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឱ្យសហគ្រាសទុនបរទេស ចាក់ឫសនៅក្នុងប្រទេសចិន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដែលបានជំរុញឱ្យសេដ្ឋកិច្ច ងើបឡើងវិញ និងមានភាពល្អប្រសើរ។ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំមុន បានធ្វើការរៀបចំចាត់ចែងមួយចំនួន ចំពោះការពង្រីកការបើកទូលាយ បែបប្រព័ន្ធរបបជាលំដាប់ ការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ប្រព័ន្ធនិងយន្តការសម្រាប់ជំរុញ ការវិនិយោគរបស់ពាណិជ្ជករបរទេស និងបន្តទាក់ទាញការវិនិយោគ នៅប្រទេសចិនជាដើម ដែលធ្វើឱ្យសហគ្រាសទុនបរទេសមានលំហកាន់តែទូលំទូលាយ និងជំនឿចិត្តកាន់តែគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍនិងធ្វើអាជីវកម្មនៅប្រទេសចិន។

ឮបច្ចុប្បន្ននេះ កត្តាមួយចំនួនដូចជាកំណើននៃសេដ្ឋកិច្ចសកល បានបង្អង់ល្បឿននិងហានិភ័យភូមិសាស្ត្រនយោបាយ បានកើនឡើងជាដើមបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការវិនិយោគសកល។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ ស្តីពីចក្ខុវិស័យនៃការវិនិយោគសកលឆ្នាំ ២០២៥ ដែលចេញផ្សាយដោយស្ថាប័នទុនបរទេសជាច្រើន ទីផ្សារចិន នៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងដដែល។ អាចប៉ាន់ប្រមាណថា ស្របពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចចិន មានភាពល្អប្រសើរថែមមួយកម្រិតទៀត សក្តានុពល ខាងតម្រូវការក្នុងស្រុក ត្រូវបានបញ្ចេញជាបន្តបន្ទាប់ សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្ម ឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិននឹងទទួលបាន លំហអភិវឌ្ឍន៍កាន់តែធំនិងភាគលាភកាន់តែច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន