(ប៉ារីស)៖ កាលពីថ្ងៃពុធ ទី៨ ខែមករា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងពាក់ព័ន្ធទៅនឹង ចំណាប់អារម្មណ៍របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ​ ស្តីពីការចង់គ្រប់គ្រងដែនកោះ Greenland នៅឯ​តំបន់អាកទិក ដោយថា ជាក់ស្តែងវាគឺជាគំនិតមួយដែលមិនល្អឡើយ ហើយវានឹងមិនអាចទៅរួច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ បានបញ្ជាក់ជាដដែល នូវបំណងរបស់លោក ស្តីពីការចង់បានកោះ Greenland ដែលជា​តំបន់ស្វយ័តមួយរបស់ប្រទេសដាណឺម៉ាក ហើយលោកបានបដិសេធច្រានចោល លទ្ធភាពនៃការប្រើប្រាស់សកម្មភាពយោធា ឬ​សេដ្ឋកិច្ច ដើម្បីយកដែនកោះមួយនេះឱ្យបាន។ លោក ត្រាំ ធ្លាប់អះអាងហេតុផលថា សហរដ្ឋអាមេរិក ត្រូវការកោះ Greenland សម្រាប់មូលហេតុសន្តិសុខជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉ារីស ជាមួយសមភាគីបារាំង លោក Blinken បាននិយាយដូច្នេះថា «គោលការណ៍​មូលដ្ឋានមួយ ដែលយើងអនុវត្តក្នុងការងាររបស់យើង អំឡុងពេល៤ឆ្នាំចុងក្រោយនេះ គឺការជឿជាក់ថា ពួកយើងមានភាពរឹងមាំ មានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលល្អប្រសើរ នៅពេលដែលយើងធ្វើការជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត មិនមែននិយាយ ឬធ្វើរឿងអ្វី ដែលអាចជំរុញឱ្យពួកគេឃ្លាតឆ្ងាយពីយើង នោះឡើយ។

លោកប្រមុខការទូតអាមេរិក បានបន្តទៀតថា «គំនិតដែលត្រូវបានបង្ហាញអំពីកោះ Greenland នេះ ជាក់ស្តែងខ្លាំងណាស់ គឺមិនមែនជាគំនិតល្អមួយឡើយ ប៉ុន្តែអ្វីដែលប្រហែលជាសំខាន់ជាងនេះទៅទៀតនោះ គឺច្បាស់ណាស់ វាជាគំនិតមួយ ដែលនឹង​គ្មានថ្ងៃអាចកើតឡើងទៅរួចឡើយ ដូច្នេះហើយ ពួកយើងមិនគួរចំណាយពេលច្រើនឥតប្រយោជន៍ ដើម្បីនិយាយអំពីវានោះទេ»។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក បាននិយាយថា Greenland អាចក្លាយជារដ្ឋឯករាជ្យមួយ ប្រសិនបើ​ប្រជាជននៅទីនោះ ប្រាថ្នាចង់បានយ៉ាងដូច្នោះ ប៉ុន្តែទំនងនឹងមិនអាចក្លាយទៅជា រដ្ឋមួយរបស់សហរដ្ឋអាមេរិកឡើយ។

គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងការចង់បានកោះ Greenland លោក ត្រាំ ក៏បានបង្ហាញពីបំណង ចង់គ្រប់គ្រងកាន់កាប់ ព្រែកជីក Panama ហើយលើកឡើងនូវគំនិត ចង់ប្រែក្លាយប្រទេសកាណាដា ទៅជារដ្ឋរបស់អាមេរិក ថែមទៀតផង។ លោក ត្រាំ​ នឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា៕