(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បាននិយាយនៅថ្ងៃអាទិត្យ ទី១២ ខែមករានេះថាលោកគ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ខណ​ៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba សង្ឃឹមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសបែបនេះរបស់លោក Takeshi Iwaya ធ្វើឡើងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុន NHK។ ប្រមុខការទូតជប៉ុនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមានបំណងកសាងទំនាក់ទំនងមួយ ប្រកបដោយការជឿទុកចិត្តជាមួយរដ្ឋបាលលោក ត្រាំ»។ លោក Iwaya បានបន្ថែមថាលោកក៏កំពុងស្វះស្វែងរៀបចំជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ដែលត្រូវបានលោក ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេស។ ឥណ្ឌា និងអូស្ត្រាលី ក៏បានប្រកាសដែរថារដ្ឋមន្ត្រីការបរទេសរបស់ពួកគេនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា បើតាមកាសែតជប៉ុន Yomiuri Shimbun លោក Ishiba មានគម្រោងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅខែកុម្ភៈខាងមុខ សម្រាប់កិច្ចប្រជុំកំពូលជាលើកដំបូងរបស់លោក ជាមួយលោក ដូណាល់ ត្រាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនរូបនេះព្យាយាមមិនបានសម្រេចដើម្បីជួបជាមួយលោក ត្រាំ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ភ្លាមៗ ក្រោយលោក ត្រាំ យកឈ្នះលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅពេលនោះ៕