(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ហើយនិង​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានរំពឹងថា នឹងជជែកគ្នាតាមទូរស័ព្ទ ក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥។

សមាជិកសភាអាមេរិក លោក Mike Waltz ដែលនឹងត្រូវក្លាយជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកសារព័ត៌មាន សាកសួរអំពីការទាក់ទងគ្នា រវាងលោក ត្រាំ និងលោក ពូទីន ហើយលោកក៏បានឆ្លើយប្រាប់ថា រូបលោក រំពឹងនឹងមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកទាំងពីរ យ៉ាងហោចក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ទៀត។

លោក Waltz ក៏បានការបង្ហាញការយល់ឃើញរបស់លោកដែរថា សង្រ្គាមអ៊ុយក្រែ​ន នាពេលនេះ បានក្លាយជាសង្រ្គាមមួយ មានលក្ខណៈស្រដៀងគ្នាទៅនឹង សង្រ្គាមលោកលើកទី១ ពោលគឺជាសង្រ្គាមនៅបន្តចំណាយ​កងកម្លាំងមនុស្សនិងធនធាន ដោយមិនទទួលបានលទ្ធផលអ្វី ហើយទន្ទឹមគ្នា ជាសង្រ្គាមដែលមានផលវិបាក បែបសង្រ្គាមលោកលើកទី៣។ លោក Waltz បានសង្កត់ធ្ងន់ថា គ្រប់គ្នាដឹងច្បាស់ណាស់ថា ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមនេះ ចាំបាច់ត្រូវបញ្ចប់តាមមធ្យោយបាយការទូត។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានផ្តាច់ជីវិតមនុស្សរាប់ម៉ឺននាក់ ហើយបង្ខំឱ្យរាប់លាននាក់ផ្សេងទៀត ព្រាត់ប្រាស់ពីផ្ទះសម្បែង ព្រមទាំងបង្កឱ្យទំនាក់ទំនងធ្លាក់ដល់កម្រិតដ៏ទាបបំផុតមួយ រវាងទីក្រុងមូស្គូ និងក្រុមលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបា ឆ្នាំ១៩៦២។ លោក ត្រាំ​ ដែលនឹងវិលត្រឡប់មកកាន់អំណាចជា ប្រធានាធិបតីអាមេរិកសាជាថ្មី នៅថ្ងៃទី២០ ខែមករា បានប្តេជ្ញាថា នឹងនាំមកនូវទីបញ្ចប់យ៉ាងឆាប់រហ័សមួយ សម្រាប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់អំពី​ផែនការច្បាស់លាស់ ថាតើរូបលោកនឹងសម្រេចគោលដៅនោះ ដោយរបៀបណាឡើយ៕