(ញូវដេលី)៖ ពិធីបុណ្យ Kumbh Mela របស់អ្នកកាន់សាសនាហិណ្ឌូនៅឥណ្ឌា បានប្រារព្ធឡើងនៅថ្ងៃចន្ទ ទី១៣ ខែមករានេះ ដោយមានអ្នកធ្វើធម្មយាត្រាយ៉ាងច្រើនកុះករ មកចូលរួមការងូតទឹកតាមទំនៀមទំលាប់នៃពិធី នៅឯចំណុចប្រសព្វនៃទន្លេ Ganges, Yamuna និងទន្លេ Saraswati ជាកន្លែងដែលប្រជាជនជឿថា មានអាទិទេពចុះមកជួបគ្នានៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នករៀបចំព្រឹត្តិការនៃពិធីបុណ្យ រំពឹងថានឹងមានមនុស្សចំនួន ៤០០លាននាក់ ដែលជាការប្រមូលផ្តុំមនុស្សដ៏ច្រើនបំផុតមួយ នៃពិភពលោក។ ពិធីបុណ្យ Kumbh Mela មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងជាការបង្ហាញពីការគោរពចំពោះសាសនា ដោយការងូតទឹកដ៏ពិសិដ្ឋ។ ចំពេលវេលាដែលមានអាកាសធាតុត្រជាក់ មុនថ្ងៃរះ អ្នកធ្វើធម្មយាត្រាបានងើបឡើង ដើម្បីចាប់ផ្តើមការចេញទៅងូតទឹកទន្លេ។
ព្រះសង្ឃហិណ្ឌូ និងចៅអធិការនៃរដ្ឋ Uttar Pradesh លោក Yogi Adityanath បានស្វាគមន៍អ្នកកាន់សាសនាហិណ្ឌូ ដែលមកចូលរួមពិធីបុណ្យនេះ ដោយឡើកលើកថា វាជាបទពិសោធន៍នៃការរួបរួមក្នុងភាពចម្រុះ ការធ្វើសមាធិ ការងូតទឹកដ៏បរិសុទ្ធនៅទីប្រសព្វនៃជំនឿសាសនា និងនៅក្នុងសម័យកាលទំនើប។
ប៉ូលិសឥណ្ឌានិយាយថា ពួកគេកំពុងធ្វើការល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ព្រឹត្តិការណ៍នេះ។ អាជ្ញាធរ និងប៉ូលិស ក៏បានរៀបចំទីតាំងផ្តល់ព័ត៌មាន និងកម្មវិធីទូរស័ព្ទ ដើម្បីជួយដល់អ្នកដែលវង្វេងបាត់ផងដែរ៕