(បាងកក)៖ ដបប្លាស្ទិក និងកំប៉ុងស្រាបៀរ ត្រូវបានគេប្រទះឃើញក្នុងផ្ទៃសមុទ្រ ជុំវិញកោះរមណីយដ្ឋាន Phuket របស់ប្រទេសថៃ ខណៈដែលមានសំរាមកាន់តែច្រើននៅលើកោះ ដែលជាគោលដៅទេសចរណ៍មួយ ល្បីល្បាញខាងឆ្នេរស្អាត និងថ្ងៃលិចដ៏ស្រស់ស្អាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។

នៅជ្រុងម្ខាងនៃកោះ គេឃើញរថយន្តដឹកទំនិញ និងត្រាក់ទ័រនាំយកសំរាមទៅចាក់ចោល នៅទីលានចាក់សំរាមដ៏ធំមួយ ដែលជាកន្លែងចុងក្រោយសម្រាប់ផ្ទុកកាកសំណល់ច្រើនជាង ១ ០០០តោន ដែលប្រមូលបានជារៀងរាល់ថ្ងៃ។ ដោយពន្យល់ថា កំណើនទេសចរណ៍ និងសំណង់ជំរុញឱ្យមានសំរាមលើសកម្រិត មុនពេលមានជំងឺកូវីដ លោក Suppachoke Laongphet អភិបាលរងនៃទីក្រុងកោះមួយនេះ និយាយថា ការអភិវឌ្ឍទីក្រុង​ Phuket មាន​សន្ទុះ​លឿន​ជាង​ការរំពឹងទុក​។

លោកបានឱ្យដឹងទៀតថា នៅដំណាច់ឆ្នាំនេះ កោះ​ Phuket អាច​បង្កើត​សំរាម​​រហូត​ដល់ ១ ៤០០តោន​ក្នុង​មួយ​ថ្ងៃ ដោយនឹង​លើស​ចំណុះ​សម្រាប់ទីលាន​ចាក់​សំរាម ដែលមាន​តែ​មួយ​គត់។ អាជ្ញាធរកំពុងជំរុញផែនការកាត់បន្ថយ ការបង្កើតកាកសំណល់ ១៥ភាគរយក្នុងរយៈពេល ៦ខែ ពង្រីកកន្លែងចាក់សំរាម និងសាងសង់ឡដុតថ្មី។ យ៉ាងនេះក្តី ក្រុមជំនាញនិយាយថា ការ​បង្កើន​សមត្ថភាព និង​ឡដុត​សំរាម គឺ​គ្រាន់តែ​ជា​ផ្នែកមួយ​នៃ​ដំណោះស្រាយ​បណ្តោះអាសន្នប៉ុណ្ណោះ​។

គួរបញ្ជាក់ថា Phuket គឺជាកោះដ៏វែងបំផុតមួយរបស់ប្រទេសថៃ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃទាំងមូល។ ក្នុងចំណោមជនបរទេសចំនួន ៣៥.៥លាននាក់នៅឆ្នាំ ២០២៤ មានប្រហែល ១៣លាននាក់ បានធ្វើដំណើរទៅកាន់កោះនេះ៕