(ស្តុកខុល)៖ ប្រទេសស៊ុយអែត បានចាប់ផ្តើមសាងសង់រោងចក្រ សម្រាប់ផ្ទុកទុកឥន្ធនៈនុយក្លេអ៊ែរចម្រាញ់រួច និងជាកន្លែងធំទីពីរលើពិភពលោក ដែលកាកសំណល់វិទ្យុសកម្ម នឹងត្រូវរក្សាទុកបានរហូតដល់ ១០០ ០០០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។
របៀបរក្សាទុកកាកសំណល់វិទ្យុសកម្ម ដែលអាចសម្លាប់ជីវិតមនុស្សបាន ឱ្យមានសុវត្ថិភាព គឺជាចម្ងល់ដែលធ្វើឱ្យ ឧស្សាហកម្មនុយក្លេអ៊ែរធ្លាក់ចុះ ចាប់តាំងពីម៉ាស៉ីនរ៉េអាក់ទ័រពាណិជ្ជកម្ម ផ្តើមដំណើរការនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ ហ្វាំងឡង់ គឺជាប្រទេសតែមួយគត់ ដែលជិតបញ្ចប់កន្លែងផ្ទុកអចិន្រ្តៃយ៍។
សមាគមនុយក្លេអែរពិភពលោក បានវាយតម្លៃថា មានឥន្ធនៈនុយក្លេអ៊ែរប្រមាណ ៣០០ ០០០តោន ត្រូវបានប្រើប្រាស់ ទូទាំងពិភពលោក និងត្រូវការបញ្ចេញចោល។ ភាគច្រើនវាត្រូវបានរក្សាទុកក្នុងស្រះទឹកត្រជាក់ ក្បែរម៉ាស៊ីនរ៉េអាក់ទ័រដែលផលិតវា។ បន្ថែមលើឥន្ធនៈដែលចម្រាញ់រួច ប្រទេសមួយចំនួននៅអឺរ៉ុប និងជុំវិញពិភពលោក គ្រោងសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រថ្មី ដើម្បីបង្វែរការផលិតថាមពលអគ្គិសនី ចេញឆ្ងាយពីឥន្ធនៈហ្វូស៉ីល។
រោងចក្រ Forsmark ស្ថិតចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស្តុកខុល និងនៅលើឆ្នេរសមុទ្រភាគខាងកើត របស់ស៊ុយអែត ក៏នឹងមានផ្លូវរូងក្រោមដីប្រវែង ៦០គីឡូម៉ែត្រ ជម្រៅ ៥០០ម៉ែត្រនៅក្នុងស្រទាប់ថ្មអាយុកាលជិត ២ពាន់លានឆ្នាំ។ វានឹងក្លាយជាកន្លែងចុងក្រោយ សម្រាប់ផ្ទុកកាកសំណល់វិទ្យុសកម្ម ១២ ០០០តោន។ តាមក្រុមហ៊ុនគ្រប់គ្រងឥន្ធនៈនុយក្លេអ៊ែរ និងកាកសំណល់ (SKB) របស់ស៊ុយអែត រោងចក្រនេះ នឹងយកកាកសំណល់ដំបូងរបស់ខ្លួន នៅចុងទសវត្សរ៍ឆ្នាំ ២០៣០ ប៉ុន្តែមិនអាចបញ្ចប់ការងាបានទេ រហូតដល់ឆ្នាំ ២០៨០ ជាពេលដែលត្រូវចាក់បំពេញផ្លូវរូងក្រោមដី៕