(តៃប៉ិ)៖ កោះតៃវ៉ាន់ទើបតែប្រហារជីវិតអ្នកទោសជាលើកដំបូង គិតក្នុងរយៈពេលជិត៥ឆ្នាំ ដែលជាហេតុនាំឱ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស ដែលបានចោទប្រកាន់ថា ការប្រើប្រាស់ទោសប្រហារជីវិត គឺជាការបោះជំហានថយក្រោយធំមួយ សម្រាប់​ស្ថានភាពសិទ្ធិមនុស្សរបស់ដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។

អ្នកទោសខាងលើមានឈ្មោះថា Huang Lin-kai អាយុ៣២ឆ្នាំ ត្រូវបានរកឃើញ មានជាប់ពិរុទ្ធពីបទច្របាច់កសម្លាប់អតីតមិត្តស្រី​របស់ខ្លួន និងម្តាយរបស់នាង រហូតដល់ស្លាប់ កាលពីឆ្នាំ២០១៧ ហើយរូបគេត្រូវបានប្រហារជីវិតដោយការបាញ់ប្រហារ កាលពីយប់​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ បើទោះជាមាន ការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ ការស្ទង់មតិបានបង្ហាញថា ប្រជាជនតៃវ៉ាន់ភាគច្រើន គឺគាំទ្រទោសប្រហារជីវិត។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ បានប្រហារជីវិតអ្នកទោសសរុប៣៦លើក ចាប់តាំងពីការផ្អាកជាបណ្តោះអាសន្ន នូវការអនុវត្តទោស​ប្រហារជីវិត ត្រូវបានដកចេញវិញ កាលពីឆ្នាំ២០១០។ ការប្រហារជីវិតអ្នកទោស កាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកដំបូងបំផុត នៅក្រោមអាណត្តិរបស់មេដឹកនាំលោក Lai Ching-te ដែលបានឡើងកាន់អំំណាច កាលពីខែឧសភា ឆ្នាំមុន។ នៅក្រោមអាណត្តិអតីតមេដឹកនាំ លោកស្រី Tsai Ing-wen ដែលមកពីគណបក្ស DPP ដូចគ្នា គឺអ្នកទោស២នាក់ ត្រូវបានប្រហារជីវិត។ ដោយឡែកវិញ អ្នកទោសសរុប៣៣នាក់ ត្រូវបានប្រហារជីវិត អំឡុងអាណត្តិរបស់លោក Ma Ying-jeou មកពីគណបក្ស Kuomintang ដែលជាអតីតមេដឹកនាំតៃវ៉ាន់ មុនលោកស្រី Tsai៕