(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ជាថ្មីថា ទីភ្នាក់ងាររបស់ UN ដែលទទួលបន្ទុក ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA ចាំបាច់ត្រូវបញ្ចប់ប្រតិបត្តិការនានារបស់ខ្លួន ហើយចាកចេញពីទីក្រុងហ៊្សេរុយសាឡិម នៅត្រឹមថ្ងៃទី៣០ ខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ដោយមិនខ្វល់ពីក្តីបារម្ភរបស់អន្តរជាតិ ក្រុមសមាជិកសភានៃប្រទេសអ៉ីស្រាអែល កន្លងមកបានអនុម័តច្បាប់មួយ ដែលហាមឃាត់ UNRWA មិនឱ្យធ្វើប្រតិបត្តិការតទៅទៀត នៅអ៉ីស្រាអែល ព្រមទាំងនៅភាគខាងកើតទីក្រុងហ៊្សេរុយសាឡិម។ ភាគខាងកើតនៃទីក្រុងនេះ ត្រូវបានអ៉ីស្រាអែលគ្រប់គ្រង ចាប់តាំងពីសង្រ្គាម៦ថ្ងៃ ឆ្នាំ១៩៦៧។
ទីភ្នាក់ងារ UNRWA បានរងការរិះគន់ពីអ៉ីស្រាអែល ដែលកាន់តែកើនឡើងខ្លាំងថែមទៀត ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងការចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ UNRWA បានចូលរួមពាក់ព័ន្ធ ក្នុងសកម្មភាពឆ្មក់វាយប្រហារដ៏កក្រើក របស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល លោក Danny Danon បាននិយាយដូច្នេះថា «UNRWA ត្រូវបានតម្រូវឱ្យបិទបញ្ចប់ ប្រតិបត្តិការនានារបស់ខ្លួន នៅហ៊្សេរុយសាឡិម និងជម្លៀសចេញពីទីតាំងទាំងអស់ ដែលខ្លួនធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងនេះ មិនឱ្យយូរជាងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឡើយ»។
គួរបញ្ជាក់ថា UNRWA ត្រូវបានចាត់ទុកជា ឆ្អឹងខ្នងនៃប្រតិបត្តិការមនុស្សធម៌ សម្រាប់ជនជាតិប៉ាឡេស្ទីន។ ទីភ្នាក់ងារ UN នេះ ផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន ប្រមាណ៦លាននាក់ នៅតំបន់ហ្កាហ្សា, West Bank, ប្រទេសលីបង់, ហ៊្សកដានី និង ស៉ីរី៕