(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា វិបត្តិអ៊ុយក្រែនឆ្នាំ២០២២ ដែលចង់សំដៅលើសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ប្រហែលជាអាចត្រូវបញ្ចៀសមិនឱ្យកើតឡើង ប្រសិនបើលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក នាពេលនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ពូទីន ​បាននិយាយដូច្នេះថា «ខ្ញុំយល់ស្របជាមួយលោក ត្រាំ ត្រង់ចំណុចដែលថា ប្រសិនបើលោកជាប្រធានាធិបតីអាមេរិក ប្រសិនបើជ័យជម្នះរបស់លោក មិនត្រូវបានគេលួច កាលពីឆ្នាំ២០២០ទេនោះ ប្រហែលជាពុំមានវិបត្តិនៅអ៊ុយក្រែន ដែលលេចឡើង នៅឆ្នាំ២០២២ឡើយ»។ ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៉ី ក៏បានបង្ហាញឆន្ទៈចង់ជួបលោក ត្រាំ ដើម្បីពិភាក្សាគ្នា អំពីសង្រ្គាមអ៊ុយក្រែនផងដែរ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានបង្ហាញបំណងចង់ជួបរូបលោក ឱ្យបានឆាប់ៗ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលទើបត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមសប្តាហ៍នេះ ធ្លាប់បានកាន់តំណែងជា ប្រធានាធិបតីអាមេរិកអាណត្តិដំបូង កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដោយក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ លោកបានចាញ់លោក ចូ បៃដិន។ រុស្ស៉ីបានធ្វើការឈ្លានពានលើអ៊ុយក្រែន កាលពី​ខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលលោក បៃដិន ជាប្រធានាធិបតីអាមេរិក នាពេលនោះ៕