(មីនស្តិ៍)៖ នៅថ្ងៃចន្ទ ទី២៧ ខែមករា លទ្ធផលបឋមបានបង្ហាញឱ្យឃើញថា មេដឹកនាំបេឡារុស លោក Alexander Lukashenko ត្រូវបន្តការកាន់អំណាចរយៈពេល ៣១ឆ្នាំ របស់លោកទៅមុខទៀត ក្រោយទទួលជ័យជម្នះធំ ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលត្រូវបានក្រុមរដ្ឋាភិបាលលោកខាងលិច នាំគ្នាច្រានចោលថា ជាការបោះឆ្នោតក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គណៈកម្មការបោះឆ្នោតនៃប្រទេសបេឡារុស បានប្រកាសថា ប្រជាជនបេឡារុស បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីហើយ ដោយលទ្ធផលបឋមបង្ហាញថា ប្រធានាធិបតីកំពុងកាន់អំណាច គឺលោក Lukashenko ទទួលបានសំឡេងគាំទ្រ ៨៦.៨ភាគរយ ក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា។

គួរបញ្ជាក់ថា ក្រុមអ្នកនយោបាយអឺរ៉ុប បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីបេឡារុស មិនបានប្រព្រឹត្តទៅដោយ​សេរី ឬ​មានតម្លាភាពនោះឡើយ ក្រោមហេតុផលថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានហាមឃាត់ នៅក្នុងប្រទេសនេះ ហើយបុគ្គល​មាននិន្នាការប្រឆាំង ដែលលេចធ្លោទាំងអស់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ឬត្រូវបង្ខំឱ្យភៀសខ្លួន ចេញក្រៅប្រទេស៕