(តង់ហ្សានី)៖ ប្រធានធនាគារពិភពលោក លោក Ajay Banga ណែនាំឱ្យអ្នកបង្កើតគោលនយោបាយ នៅទូទាំងពិភពលោករក្សាភាពអត់ធ្មត់ និងត្រៀមខ្លួនជជែក វែកញែកពីករណីរបស់ពួកគេ ជុំវិញគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Banga បានបញ្ជាក់ថា អ្នកបង្កើតគោលនយោបាយ គួរតែរង់ចាំមើល ថាតើគោលនយោបាយអ្វីខ្លះ ដែលត្រូវបានអនុវត្តជាក់ស្តែង មុននឹងធ្វើការវិនិច្ឆ័យ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនា និងការពន្យល់ហេតុផល ដើម្បីស្វែងរកការយោគយល់គ្នា។

ក្នុងបទសម្ភាសន៍ក្រៅផ្លូវការ នៅឯកិច្ចប្រជុំ Mission 300 Africa Energy Summit លោក Banga បានផ្តល់អនុសាសន៍ថា «កុំប្រញាប់ពេកក្នុងការឆ្លើយតប ឬវិនិច្ឆ័យ»។ លោកបានជំរុញឱ្យរង់ចាំមើល ថាតើគោលនយោបាយទាំងនោះនឹងត្រូវអនុវត្តជាក់ស្តែងយ៉ាងដូចម្តេចជាមុនសិន។

លោក Banga បានបន្ថែមថា ដោយផ្អែកលើបទពិសោធន៍ធ្វើការជាមួយលោក ដូណាល់ ត្រាំ ថា គាត់ជា «មនុស្ស ដែលផ្តោតលើការអនុវត្តជាក់ស្តែង» និងមានការយល់ដឹងច្បាស់ពីតួលេខ អានុភាព និងអត្ថប្រយោជន៍។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា «អ្នកត្រូវទៅជួបគាត់ ដោយផ្ទាល់និងពន្យល់ពីតម្លៃដែលអ្នកនាំមក»

ដោយឡែក ជុំវិញបទបញ្ជា «បញ្ឈប់ការងារ» លើជំនួយបរទេសរបស់សហរដ្ឋអាមេរិក លោក Banga បានឆ្លើយតបថា ធនាគារពិភពលោក «មិនទាន់» ទទួលរងផលប៉ះពាល់ ណាមួយនោះទេ ដោយសារតែយន្តការដំណើរការរបស់ធនាគារពិភពលោកមាន លក្ខណៈខុសគ្នាពីជំនួយទ្វេភាគី។ លោកបានបន្ថែមទៀតថា មិនមានផែនការ ណាមួយក្នុងការផ្លាស់ប្តូរគោលការណ៍ដែលអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ រហូតដល់បួនថ្ងៃក្នុងមួយសប្តាហ៍នោះទេ៕