(ព្រុចស៊ែល)៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអំពាវនាវឱ្យប្រទេសជាសមាជិក បង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យលើសពីគោលដៅ ២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានបញ្ជាក់ថា គោលដៅនេះដែលត្រូវបានកំណត់កាលពី ១០ឆ្នាំមុន លែងគ្រប់គ្រាន់ទៀតហើយ ដោយសារបញ្ហាប្រឈមថ្មីៗ ដែលបង្កឡើងដោយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសព័រទុយហ្គាល់។ នៅទីនោះលោកបានជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ អំពីការបង្កើនការចំណាយលើវិស័យការពារជាតិ។ បច្ចុប្បន្នព័រទុយហ្គាល់ ចំណាយប្រមាណ ១,៥% នៃ GDP របស់ខ្លួនលើវិស័យការពារជាតិ។
«យើងដឹងថាគោលដៅនៃ ២% ឥឡូវនេះបានកំណត់កាលពីមួយទសវត្សរ៍មុន នឹងមិនគ្រប់គ្រាន់ដើម្បីបំពេញបញ្ហាប្រឈមនៅថ្ងៃស្អែកនោះទេ... ដើម្បីរក្សា NATO ឱ្យរឹងមាំ យើងត្រូវតែបន្តសម្របខ្លួន និងធានាសន្តិសុខរបស់យើងនៅពេលអនាគត យើងក៏ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងឥឡូវនេះផងដែរ។ នោះក៏មានន័យថា យើងត្រូវចំណាយបន្ថែមទៀតលើការការពាររបស់យើង»។ លោក Rutte បាននិយាយ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Rutte បង្ហាញពីការប្តេជ្ញាចិត្តរបស់ NATO ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងទប់ទល់នឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី។ លោកបានជំរុញឱ្យប្រទេសជាសមាជិក បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អឺរ៉ុបនិងអាត្លង់ទិក៕