(ម៉ូស្គូ)៖ គណៈប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ទីក្រុងដាម៉ាស ប្រទេសស៊ីរី នៅថ្ងៃអង្គារនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីរុស្ស៊ី ទៅកាន់ប្រទេសនេះ បន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតី Bashar al-Assad។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS។
គណៈប្រតិភូនេះ រួមមានអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov និងបេសកជនពិសេសរបស់វិមានក្រឹមឡាំង សម្រាប់ស៊ីរីលោក Alexander Lavrentiev ហើយគ្រោងនឹងជួបជាមួយមេដឹកនាំថ្មីរបស់ស៊ីរីក្នុងសប្តាហ៍នេះ។
រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Assad សង្ឃឹមថា នឹងរក្សាបាននូវ មូលដ្ឋានយោធាទាំងពីររបស់ខ្លួននៅក្នុងប្រទេសស៊ីរី គឺមូលដ្ឋានទ័ពជើងទឹកនៅ Tartous និងមូលដ្ឋានទ័ពអាកាស Hmeimim។ Tartous គឺជាមជ្ឈមណ្ឌល ជួសជុលនិងបំពេញបន្ថែមនៅមេឌីទែរ៉ាណេតែមួយគត់របស់រុស្ស៊ី។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការបន្តចាប់អារម្មណ៍របស់រុស្ស៊ីនៅក្នុង ប្រទេសស៊ីរី ទោះបីជាមានការផ្លាស់ប្តូររបបដឹកនាំក៏ដោយ។ រុស្ស៊ីសង្ឃឹមថានឹងរក្សាវត្តមានយោធារបស់ខ្លួន និងបន្តដើរតួនាទីក្នុងកិច្ចការនយោបាយរបស់ស៊ីរី៕