(វ៉ាសូវី)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមករា ប៉ូឡូញបានឱ្យដឹងថា ខ្លួនបានចុះកិច្ចសន្យាមួយ ដើម្បីទិញមីស៉ីលប្រឆាំងរ៉ាដាចំនួនជាង ២០០គ្រាប់ ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ៧៤៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចសន្យាខាងលើ គឺសម្រាប់ការទិញមីស៉ីល AGM-88G AARGM-ER ដែលប្រើដោយយន្តហោះចម្បាំង ដើម្បីវាយប្រហារលើ ​ប្រព័ន្ធរ៉ាដាការពារដែនអាកាស ដែលស្ថិតនៅលើដី។ ដោយមានសមត្ថភាពវាយប្រហារ បានចម្ងាយលើស២០០គីឡូម៉ែត្រ មីស៉ីលទាំងនោះ អនុញ្ញាតឱ្យយន្តហោះចម្បាំងប៉ូឡូញ អាចកម្ទេចប្រព័ន្ធរ៉ាដា នៅក្រៅរយៈចម្ងាយវាយប្រហារ នៃប្រព័ន្ធប្រឆាំងយន្តហោះ ដែលការពារពួកវា។ មីស៉ីលខាងលើ នឹងត្រូវប្រគល់ឱ្យប៉ូឡូញ នៅចន្លោះឆ្នាំ២០២៩ និងឆ្នាំ២០៣៥។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន ប៉ូឡូញបានប្រឹងប្រែងពន្លឿនការធ្វើទំនើបកម្មយោធារបស់ខ្លួន។ ប្រទេសជាសមាជិក NATO មួយនេះ បានបង្កើនការចំណាយលើយោធា ព្រមទាំងចុះកិច្ចព្រមព្រៀងទិញសព្វាវុធផ្សេងៗ ដែលភាគច្រើនជាមួយ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕