(មូស្គូ)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមករា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការចរចាជាមួយអ៊ុយក្រែន គឺអាចទៅរួច ប៉ុន្តែមិនមែនជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក ពូទីន បាននិយាយថា ប្រសិនបើលោក ហ្សេលេនស្គី ចង់ចូលរួមក្នុងកិច្ចចរចា រូបលោកផ្ទាល់ នឹងចាត់ឱ្យអ្នកតំណាងចូលរួមជំនួស ​ដោយលោកប្រធានាធិបតីរុស្ស៉ី បានសង្កត់ធ្ងន់ថា បើអ៊ុយក្រែនពិតជាមានបំណងចង់ចរចាស្វែងរក ការព្រមព្រៀងគ្នាដោយប្រាកដប្រជាមែននោះ ចូរឱ្យអ្នកផ្សេងដឹកនាំកិច្ចប្រឹងប្រែងចរចា ជំនួសលោក ហ្សេលេនស្គី វិញទៅ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធឱ្យភាគីទាំងពីរ ស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម ដែលអូសបន្លាយពេលជិត៣ឆ្នាំមកហើយ។ កាលពីសប្តាហ៍មុន លោក ត្រាំ បានអះអាងថា លោក ហ្សេលេនស្គី បានបង្ហាញបំណង ចង់ចរចាឱ្យបានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ លោក ត្រាំ និងលោក ពូទីន ក៏បានបង្ហាញពី​ការត្រៀមលក្ខណៈរួចរាល់ ដើម្បីជួបគ្នាជជែកអំពីបញ្ហាអ៊ុយក្រែនផងដែរ ខណៈទីក្រុងកៀវបានព្រមានប្រឆាំង ការចរចាសន្តិភាព ​ដែលគ្មានវត្តមានអ៊ុយក្រែន៕