(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៨ ខែមករា បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញឱ្យទៅជួបគ្នា នៅសេតវិមាន នាថ្ងៃទី៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកនាយករដ្ឋមន្រ្តី Netanyahu គឺជាមេដឹកនាំបរទេសដំបូងគេ ដែលត្រូវបានអញ្ជើញ ទៅកាន់សេតវិមាន អំឡុងអាណត្តិទី២ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ»។ មន្រ្តីសេតវិមានមួយរូប ក៏បានទទួលស្គាល់ដែរថា លោក Netanyahu ត្រូវបានអញ្ជើញ ទៅកាន់សេតវិមាន នៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា គម្រោងជំនួបរវាងលោក ត្រាំ និងលោក Netanyahu គឺបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានអះអាងម្តងហើយម្តងទៀតថា រូបលោកបានដើរតួនាទីសំខាន់ ក្នុងការសម្រេចបាននូវបទឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកំពុងអនុវត្តនៅតំបន់ហ្កាហ្សា ក្រោយចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីកិច្ចប្រឹងប្រែងចរចាដោយគ្មានលទ្ធផល អស់រយៈពេលជាច្រើនខែ។
ក្រោយបទឈប់បាញ់នោះ ចូលជាធរមាន លោក ត្រាំ បានលើកឡើងនូវគំនិតចង់ឱ្យ ជនជាតិប៉ាឡេស្ទីនទាំងអស់ ផ្លាស់ទីទៅកាន់ប្រទេសជិតខាងដូចជា អេហ្ស៉ីប ឬហ៊្សកដានី ប៉ុន្តែគំនិតរបស់លោក បានជួបការរិះគន់ជាខ្លាំង ពីអេហ្ស៉ីបនិងហ៊្សកដានីផ្ទាល់ ព្រមទាំងពីសំណាក់រដ្ឋាភិបាលនៃក្រុមប្រទេសអឺរ៉ុប៕