(បែរឡាំង)៖ គណៈកម្មាធិការកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ បានអំពាវនាវាឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Joerg Kukies អនុម័តជំនួយយោធាបន្ថែមទំហំ ៣ពាន់លានអឺរ៉ូ ឬ៣.១៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យនៅថ្ងៃទី២៩ ខែមករាថាសំណើត្រូវបានអនុម័តដោយពីសមាជិកគណៈកម្មាធិការកញ្ចប់ថវិកា នៃសភាអាល្លឺម៉ង់ នៅក្នុងការបោះឆ្នោតមួយ។ តែគណៈកម្មាធិការនេះមិនអាចធ្វើការសម្រេចចិត្តលើការកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែនបាននោះទេ បើគ្មានការយល់ព្រមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ សមាជិក គណៈកម្មាធិការកញ្ចប់ថវិកាមកពីគណបក្ស CDU និង FDP បាននិយាយថាមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ការស្នើសុំ។ ​​​ចំណែក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មកពីគណបក្ស SPD ក៏បានយល់ព្រម ផងដែរចំពោះកញ្ចប់ជំនួយយោធាបន្ថែម។

គួរបញ្ជាក់ថា កញ្ចប់ជំនួយខាងលើ គឺជាកញ្ចប់ថវិកាបន្ថែមពីលើកញ្ចប់ថវិកា ៨ពាន់លានអឺរ៉ូ ដែលអាល្លឺម៉ង់សន្យាផ្ដល់ឱ្យអ៊ុយក្រែនកាលពីឆ្នាំ២០២៤។ ជំនួយរបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែនត្រូវបានកាត់​បន្ថយ មកនៅត្រឹម ៤ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៥ ស្របពេលអាល្លឺម៉ង់រំពឹងថាអ៊ុយក្រែននឹងមានលទ្ធភាពបំពេញតម្រូវការយោធារបស់ខ្លួន ជាមួយប្រាក់កម្ចី ៥០ពាន់លានដុល្លារ អនុម័តដោយក្រុមប្រទេស G7៕