(គែរ)៖​ នាថ្ងៃសៅរ៍​ ទី១​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥​ បណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់​ បានច្រានចោលនូវគំនិតបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយនិយាយថា​ ទោះជានៅក្នុងកាលៈទេសៈ​ ឬហេតុផលណាក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

នេះជាការបង្ហាញជំហររួបរួមគ្នា​ ប្រឆាំងនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ដែលចង់ឱ្យប្រទេសអេហ្ស៉ីប និងហ៊្សកដានី ទទួលយកអ្នកស្រុកនៅតំបន់ហ្កាហ្សា។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅឯទីក្រុងគែរ ក្រុមរដ្ឋមន្ត្រីការបរទេស និងមន្ត្រីមកពីអេហ្ស៉ីប ហ៊្សកដានី អារ៉ាប៊ីសាអូឌីត កាតា អាជ្ញាធរប៉ាឡេស្ទីន និងសម្ព័ន្ធអារ៉ាប់ បាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលរបស់​លោក ត្រាំ​ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

គួរបញ្ជាក់ថា​ បន្ទាប់ពីការបដិសេធរបស់អេហ្ស៉ីប​ និងហ៊្សកដានី ថ្មីៗនេះប្រធានាធិបតីអាមេរិក​ លោក ត្រាំ​ បានទទូចជាថ្មីដល់ប្រទេសទាំងពីរ​ ដោយចង់ឱ្យប្រជាជនប៉ាឡេស្ទីនទៅតាំងទីលំនៅថ្មី​ ជាជាងនៅតំបន់ហ្កាហ្សាដែលត្រូវសាងសង់ឡើងវិញ៕