(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ បាននិយាយថាលោកមានការប្ដេជ្ញាចិត្តចំពោះសន្តិភាពរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ហើយលោកផ្ទាល់ជឿជាក់ថាលោកអាចនឹងសម្រេចបានគោលដៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកបំពេញទស្សនកិច្ចដើម្បីជួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ លោក Netanyahu បានលើកឡើងថា «ខ្ញុំគិតថា សន្តិភាពរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មិនមែនត្រឹមតែជារឿងអាចទៅរួចទេ ប៉ុន្តែខ្ញុំគិតថាវានឹងកើតឡើង»

នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបន្ថែមថា «ខ្ញុំបានប្ដេជ្ញាចិត្តសម្រេចគោលដៅនេះ (សន្តិភាពជាមួយអារ៉ាប៊ីសាអូឌីត) ឱ្យបាន។ ខ្ញុំដឹងថាលោកប្រធានាធិបតី ត្រាំ ក៏បានប្ដេជ្ញាចិត្ត សម្រេចគោលដៅនេះឱ្យបានផងដែរ ហើយខ្ញុំគិតថាមេដឹកនាំអារ៉ាប៊ីសាអូឌីតមានបំណងសម្រេចបានវាឱ្យបានដូចគ្នា។ ដូច្នេះខ្ញុំយល់ថានឹងទទួលបានជោគជ័យ»

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែលអាចធ្វើទៅបាន លុះត្រាតែប៉ាឡេស្ទីនក្លាយជារដ្ឋឯករាជ្យពេញលេញមួយ ជាមុនសិន៕